គ្រូបង្វឹក Patrick Vieira ត្រូវបានតែងតាំងជាគ្រូបង្វឹកផ្លូវការរបស់ Nice នៅលីគកំពូលរបស់បារាំង ក្រោយពីសម្រេចចិត្តចាកចេញពីទ្រនំចាស់ New York FC នៅសហរដ្ឋអាេមរិក។

អតីតកូនសិស្សរបស់លោក Arsene Wenger នឹងចូលមកជំនួសតំណែងលោក Lucien Favre ដែលបានសម្រេចចាកចេញទៅដឹកនាំ Borussia Dormund នៅ Bundesliga របស់អាល្លឺម៉ង់វិញ។

បុរសវ័យ៤១ឆ្នាំបានឲ្យដឹងថា៖ “ខ្ញុំសូមអរគុណដល់ក្រុមការងារ City Group ទាំងអស់ ក៏ដូចជាអ្នកដែលនៅ New York FC អំពីការងារជាគ្រូបង្វឹករបស់ខ្ញុំ។ ការសម្រេចចាកចេញពីទីនេះគឺជាការសម្រេចចិត្តដ៏លំបាកបំផុតសម្រាប់ខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំទាំងមូលតែម្តង។”

គួររំលឹកថា Vieira បានចូលមកដឹកនាំនៅក្នុងក្របខ័ណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីចាកចេញពីតំណែងជាគ្រូបង្វឹកយុវជនរបស់ Manchester City ក្រោយពីប្រកាសព្យួរស្បែកនៅក្នុងពិភពបាល់ទាត់។