ក្រូមញញួរយក្ស West Ham United បាន​ប្រកាស​តែងតាំង​លោក​ Manuel Pellegrini អតីត​អ្នក​ចាត់ការ​ Manchester City ជំនួស​លោក​កៅអី លោក David Moyes ដែលទើបនឹងចែកផ្លូវគ្នាកាលពីពេលថ្មីៗនេះ។​

បុរស​វ័យ​៦៤​ឆ្នាំ​បាន​ចុះ​ហត្ថលេខា​៣ឆ្នាំ​ជាមួយ​ West Ham​ បន្ទាប់​ពី​ឈប់​ដឹកនាំ​ក្លឹប​ចិន​​ Hebei China Fortune កាល​ពី​ពេល​ថ្មី​ៗ។​ Pellegrini ​ឈ្នះ​ពាន​​ Premier League និង​ League Cup ជាមួយ​ Man City និង​នាំ​ក្រុម​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Champions League កាល​ពី​២​ឆ្នាំ​មុន​។​

លោក Pellegrini បានឲ្យវិបសាយរបស់ក្លឹបថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបានវិលមកកាន់លីគបាល់ទាត់ល្អបំផុតលើលោកសារជាថ្មីម្តងទៀត ជាពិសេសមកដឹកនាំនៅ West Ham តែម្តង ព្រោះខ្ញុំបាននិយាយជាមួយប្រធានក្លឹបរួចរាល់ហើយ។”

“ខ្ញុំគិតថា West Ham បញ្ចប់រដូវកាលយ៉ាងលំបាក ប៉ុន្តែខ្ញុំគិតថាយើងនឹងធ្វើបានល្អឡើងវិញនៅរឌូវកាលក្រោយ ដោយធ្វើឲ្យអ្នកគាំទ្ររីករាយឡើងវិញ។ ខ្ញុំតែងតែលេងយុទ្ធសាស្រ្តប្រយុទ្ធ ហើយខ្ញុំសង្ឃឹមថាពួកយើងនឹងឈានទៅដល់គោលដៅដែលយើងបានកំណត់” នេះបើតាមការបន្ថែមរបស់គ្រូបង្វឹកខាងលើ។

គួររំលឹកថា អ្នក​ចាត់​ការ​សញ្ជាតិ​ឈីលី​ ធ្លាប់​ដឹកនាំ​ក្លឹប​ធំ​មួយ​ចំនួន​នៅ​អេស្ប៉ាញ​ដូចជា Real Madrid និង​ Villarreal ហើយ​ចំណាយ​ពេល​២​ឆ្នាំ​នៅ​លីគ​កំពូល​ចិន​ Chinese Super League តែ​បាន​ត្រឹម​នាំ​ក្រុម​ Hebei បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ប៉ុណ្ណោះ៕ ​