ខ្សែបម្រើ Manuel Lanzini របស់ក្លិប West Ham United នឹងមិនបានទៅ FIFA World Cup 2018 ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនឡើយ ក្រោយរងរបួសសរសៃពួរជង្គង់អំឡុងពេលហ្វឹកហាត់នៅថ្ងៃសុក្រទី៨ខែមិថុនានេះ។
អតីតសមាជិកក្លិបអេមីរ៉េតអារ៉ាប់រួម Al Jazira Club វ័យ២៥ឆ្នាំរូបនេះបានវិវឌ្ឍខ្លួនជាប់ជម្រើសជាតិក្រុមធំអាហ្សង់ទីនក្នុងឆ្នាំ២០១៧ ក្រោយផ្លាស់មក Premier League ហើយត្រូវបានជ្រើសរើសចូលបញ្ជី២៣នាក់ចុងក្រោយរបស់លោក Jorge Sampaoli សម្រាប់ទៅ រុស្ស៊ី ខណៈអតីតយុវជនថ្នាល River Plate ដដែលនេះ បានចូលលេងក្នុងប្រកួតមិត្តភាពដែលអាហ្សង់ទីនឈ្នះ ហៃទី ៤-០ សប្ដាហ៍មុន។
អាហ្សង់ទីន មិនទាន់ប្រកាសអ្នកជំនួស Lanzini នៅឡើយទេ ស្របពេល Ever Banega, Lucas Biglia, Angel Di Maria, Giovani Lo Celso, Cristian Pavon, Maximiliano Meza និង Eduardo Salvio ជាខ្សែបម្រើដទៃទៀតនៅក្នុងបញ្ជីចុងក្រោយ។
សូមបញ្ជាក់ថា អាហ្សង់ទីន ស្ថិតក្នុងពូល D ហើយនឹងចាប់ផ្ដើមយុទ្ធនាការទល់នឹង អ៊ីស្លង់ នៅថ្ងៃទី១៦ខែមិថុនា មុនប៉ះ ក្រូអាត និង នីហ្សេរីយ៉ា៕