ក្រុម​បាល់ទះ​វិសាខា​ របស់​កម្ពុជា​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​បន្ទាប់​ពី​ផ្ដួល​ ក្រុម​កងទ័ព​ជើង​គោក​ ម្ចាស់ផ្ទះ​ថៃ​នៅ​មុន​នេះ​ នៃ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ Volleyball Tournament “Sealect Tuna” the Winner of Thailand ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់។​

ក្រុមរបស់កម្ពុជាបានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​តាំង​ពី​វគ្គ​ជម្រុះ​ដំបូង​រហូត​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ មិន​ស្គាល់​ឡើយ​ពាក្យ​ថា​ចាញ់​ បើ​ទោះ​ជា​កីឡាករ​ក្នុង​ក្រុម​មួយ​ចំនួន​ធំ​ មាន​ការហត់​នឿយ​ និង​មាន​របួស​ខ្លះ​ក្ដី។​

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ ហាក់​តឹងតែង​ខ្លាំងព្រោះ​ក្រុម​នីមួយ​ៗ​សុទ្ធតែ​ចង់​ឈ្នះ​ ខណៈ​សមត្ថភាព​កីឡាករ​ កាយសម្បទា​ក៏​ល្អ​ដូច​គ្នា​។​ ទោះ​យ៉ាង​នេះ​ក្ដី​ ក្រុម​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​គ្រូ​ សាន​ សុក្រិត​ ព្យាយាម​ប្រកួត​យ៉ាង​ស្វិតស្វាញ​បំផុត​ និង​កែប្រែ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ឡើង​វិញ​ និង​ការ​លោត​បាំង​ វាយ​សេវា​បាន​ល្អ​ផង​នោះ​ក៏​ទទួល​បាន​ជ័យជម្នះ​តែ​ម្ដង​។​

គួររំលឹក​​ថា​ ក្រុម​បាល់ទះ​កម្ពុជា​ វិសាខា​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ប្រកួត​ពាន​រង្វាន់​ Volleyball Tournament “Sealect Tuna” the Winner of Thailand​ របស់​ប្រទេស​ថៃ​ តាំង​ពី​ថ្ងៃ​ទី៩​ ខែ​ឧសភា​ ២០១៨​ ដោយ​ក្រុម​របស់​កម្ពុជា​ខាង​លើ​ ប្រកួត​ឈ្នះ​បន្តបន្ទាប់​រហូត​ដល់​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ថ្ងៃ​នេះ ហើយ​ផ្ដួល​ម្ចាស់​ផ្ទះ​ដោយលទ្ធផល​ ៣-០ (២៥-២១, ២៥-២១, ២៥-២០)​៕