នៅក្នុងវគ្គបណ្ដុះបណ្ដាលដល់វេជ្ជបណ្ឌិតជំនាញសុខភាពទូទៅ Health Promotion សុខភាពមាត់ធ្មេញ Fun Fitness ជាលក្ខណៈអន្តរជាតិរយៈពេល ២ថ្ងៃក្នុង ក្នុងពហុកីឡាដ្ឋានជាតិនោះ គណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានសហការជាមួយគណៈកម្មាធិការស្ប៉េស្យាល់អាស៊ីអូឡាំពិកប៉ាស៊ីហ្វិក បានត្រួតពិនិត្យសុខភាពកីឡាករ កីឡាការិនីបញ្ញាខ្សោយចំនួន៨១នាក់។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានឲ្យដឹងថា កម្មវិធីនេះតែងតែត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានបណ្ដាប្រទេសចំនួន៩ ក្នុងតំបន់អាស៊ីមកចូលរួមដូចជាប្រទេស Malaysia , Timor Leste , FiJi , Tonga , Kirlbati , Singapore, Nepal, Bhutan និងប្រទេស Papua New Guinea សរុបមានសិក្ខាកាម១៩នាក់ និងនិសិ្សតពេទ្យស្ម័គ្រចិត្តកម្ពុជាចំនួន៤៥នាក់ បានចូលរួមត្រួតពិនិត្យសុខភាពជូនដល់កីឡាករ កីឡាការិនីខ្សោយសតិបញ្ញាស្មារតីចំនួន៨១នាក់។

លោកបន្តទៀតថា ការបង្កើនការយល់ដឹងផ្នែកសុខភាពទូទៅនេះ គឺដើម្បីឲ្យពួកគេមានការយល់ដឹងពីបញ្ហាសុខភាពប្រចាំថ្ងៃរបស់ជនខ្សោយសតិបញ្ញា ពិសេសគឺជំរុញឲ្យពួកគាត់លើកទឹកចិត្តដល់ជនខ្សោយសតិបញ្ញាឲ្យចូលរួមហាត់ប្រាណ លេងកីឡា ដើម្បីពង្រឹកកាយសម្បទា និងស្នើសុំមន្ត្រីមន្ត្រីពាក់ព័ន្ធ និងអាណាព្យាបាលត្រូវបន្តពង្រីក និងផ្សព្វផ្សាយបន្តដល់មន្ត្រីពាក់ព័ន្ធ និងគ្រួសារផ្សេងៗទៀត នៅក្នុងសហគមន៍របស់ពួកគេឲ្យយល់ដឹងកាន់តែច្បាស់អំពីបញ្ញាសុខភាពនៃការរស់នៅប្រចាំថ្ងៃ សំដៅឈានទៅរស់នៅ ប្រកបដោយសុខដុមរមនាជៀសផុតពីជំងឺផ្សេងៗ។

គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែង មិនត្រឹមតែផ្តល់ឱកាស ដល់បងប្អូនបានចូលរួម ក្នុងសកម្មភាពកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរិះរកកម្មវិធីថ្មីៗ ដែលផ្តល់ប្រយោជន៍ដល់អាណាព្យាបាល និងកីឡាករ កីឡាការិនីខ្សោយសតិបញ្ញាបានយល់ដឹងបន្ថែមទៀតនូវការនូវការថែទាំសុខភាពជាដើម៕