សហព័ន្ធខ្មែរកីឡាហែលទឹក ចង់ឈ្នះមេដាយនៅព្រឹត្តិការណ៍អន្តរជាតិនានា ចាប់ពីឆ្នាំនេះ ដោយមិនរង់ចាំឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមលើកទី៣២ ឡើយ។ ដូច្នេះអត្តពលិកហែលទឹកទាំងអស់ធ្វើយ៉ាងណាខិតខំ ដណ្តើមមេដាយត្រឹមសំរឹទ្ធ ពីព្រឹត្តិការណ៍ស៊ីហ្គេម ៣លើកជាបន្តបន្ទាប់ មុនស៊ីហ្គេមនៅកម្ពុជា។ នេះបើតាមថ្លែងឲ្យដឹងពី លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ទាប់ពីលោកជាប់ជាប្រធានសហព័ន្ធ អាណត្តិទី៦ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ជាបន្តទៀត នៅក្នុងមហាសន្និបាតរបស់ខ្លួន កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅNOCC។
សម្រាប់ការកាន់ដំណែងប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក អាណត្តិថ្មីនេះដែរ លោកបានប្តេជ្ញាចិត្តថានឹងបន្តការខិតខំរបស់ខ្លួន រួមជាមួយនឹងសមាជិកប្រតិបត្តិនានា ដើម្បីសម្រេចបាននូវលទ្ធផលល្អជាផ្លែផ្កាជូនជាតិ នាពេលខាងមុខ ជាពិសេសគឺក្នុងដំណើរឆ្ពោះទៅរកមេដាយ ពីស៊ីហ្គេម នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
អង្គមហាសន្និបាតជ្រើសរើសបានសមាសមាសសមាជិកប្រតិបត្តិអាណត្តិថ្មី ចំនួន ១១រូប ឯកឧត្តម ស៊ុន ចាន់ថុល ជាប្រធានសហព័ន្ធដដែល អមដោយអនុប្រធានសហព័ន្ធចំនួន៤រូប គឺលោក សំ ប៊ុណ្ណារិន, លោក ជា ប៊ុនហេង, លោក គូ គឹមហៀក និង លោក ហែម ចាន់លី ខណៈ អគ្គលេខាធិការគឺលោក ហែម គីរី ដដែល។ អគ្គលេខាធិការរង មាន២រូប គឺលោក នាង សុរិទ្ធិយ៉ា និង អ្នកស្រី កើត ស៊ីវណ្ណ។ អ្នកស្រី ម៉ក់ គន្ធា ជាអគ្គហិរញ្ញឹក។ ក្រៅពីនេះមានសមាជិកមួយចំនួនទៀត។
សូមបញ្ជាក់ថា សម្រាប់បេសកកម្មលើប្រភេទកីឡាហែល ទឹក ក្នុងស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី នាថ្ងៃទី ១៩ ដល់៣១ សីហា ខាងមុខនេះ គឺឯកឧត្តម ស៊ុន ចាន់ថុល បានឧបត្ថម្ភថវិកាលើកទឹកចិត្តជូនដល់អត្តពលិកចំនួន ៧នាក់ និងគ្រូបង្វឹក និងប្រតិភូ សរុប ៩នាក់ ក្នុងម្នាក់ៗទទួលបាន ម្នាក់២០០ដុល្លារផងដែរ៕