យោងតាមមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានបញ្ជាក់ថា ការប្រកួតជ្រើស រើសជើងឯកថ្នាក់ជាតិ តេក្វាន់ដូ ITF ប្រចាំឆ្នាំ២០១៧ នៅក្នុងវិមានកីឡដ្ឋានជាតិ បានចាប់ផ្តើមដំណើរការជាផ្លូវ ការហើយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយថ្ងៃដំបូងនេះមានវិញ្ញាសាសម្តែងមេគុនឯកត្តជន និងជាក្រុម។

លោក ប៉ាល់ ជីវ័ន្ត មន្ត្រីសហព័ន្ធសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បញ្ជាក់ថា ថ្ងៃនេះចាប់ផ្តើមប្រកួត ជម្រុះលើវិញ្ញាសាសម្តែងឯកត្តជន និងសម្តែងមេគុនជាក្រុម ៣នាក់ទល់៣នាក់ និង៥នាក់ទល់៥នាក់បុរស-នារី។ ព្រឹត្តិការណ៦ឆ្នាំនេះមានកីឡាករ-កីឡាការិនីចូលរួមបានថយចុះចំនួន១០នាក់ ប៉ុន្តែនៅឆ្នាំមុន លោកមើល ឃើញថា កម្រិតបច្ចេកទេសរបស់កីឡាករ កីឡាការិនីមានការកើនឡើង ហើយនៅឆ្នាំ២០១៧នេះលោកជឿថា បច្ចេកទេសក៏នឹងមានការកើនឡើងដូចគ្នា ដោយសារថ្នាក់ដឹកនាំសហព័ន្ធ ក៏ដូចជាតាមបណ្តាក្លឹបនានាទូទាំង ប្រទេសកំពុងខិតខំដូចគ្នាលើការបណ្តុះបណ្តាលលើធនធានថ្នាលយុវជនទាំងបរិមាណ និងគុណភាព។

សម្រាប់វិញ្ញាដែលដាក់ឲ្យប្រកួតមានចំនួន២៤វិញ្ញាសាដោយចែកចេញជា២ប្រភេទធំៗ គឺវិញ្ញាសាប្រ យុទ្ធក្នុងនោះមានប្រយុទ្ធចាប់ពី៤៥គីឡូក្រាមឡើងដល់៨០គីឡូក្រាមបុរស-នារី សរុប១៧វិញ្ញាសា និងវិញ្ញាសា សម្តែងមេគុន រូមមាន៖ បច្ចេកទេសពិសេសឯកត្តជន, សម្តែងបច្ចេកទេសជាក្រុម, សម្តែងការ ពារខ្លួន ១ទល់៣ និងសម្តែងជាក្រុមជាដើម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៧ គ្រោងធ្វើ រយៈពេល៤ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ មិថុនា ទើបបញ្ចប់ ដោយប្រើប្រាស់កញ្ចប់ថវិការបស់ជាតិទាំងស្រុង តាមការផ្តល់ជូនរបស់ក្រសួងអប់រំ យុវជន និងកីឡា ចំណែកឯសហព័ន្ធជាអ្នកសហការបច្ចេកទេស៕