ព្រឹត្តិការណ៍បាល់ទាត់ដណ្ដើមពានរង្វាន់ Khmer Real Estate League 2017 តំណើរអស់រយៈពេល ៤ខែមកនេះ បានបញ្ចប់ជាស្ថាពរហើយ ខណៈដែលក្រុមចំណូលថ្មី Bayon FC គ្រងជើងឯកប្រចាំរដូវកាលទី៦ ក្រោយពីយកឈ្នះក្រុម Khmer United ដោយលទ្ធផល ៣-១ ជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅទីលានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ក្រុមដែលពោពេញទៅដោយកីឡាករបរទេស Bayon Fc នេះគឺជាលើកទី១ ហើយ ដែលចូលរួមក្នុងការប្រកួតពានរង្វាន់ពាក់កណ្ដាលអាជីពនេះ ដណ្ដើមបានតំណែងជើងឯកតែម្តង ។ ប៉ុន្តែក្រុម Bayon បានយកឈ្នះទាំងប្រផិតប្រផើយ ពោលក្រុម Khmer United បាននាំមុខ ១-០ នៅពាក់កណ្តាលនៃតង់ទី១ លទ្ធិផលនេះរក្សារហូតដល់បញ្ជប់តង់។  ប៉ុន្តែនៅតង់ទី២ ការប្រកួតចាប់ផ្តើមបានតែប៉ុន្មាននាទី ប៉ុណ្តោះ ក្រុម Bayon FC រកគ្រាប់បាល់តាមស្មើវិញ ដោយលទ្ធិផល ១ ទល់នឹង ១ នៅនាទីបន្ទាប់ក្រុម Bayon FC រកបាន ២គ្រាប់បន្ថែមទៀត លើក្រុម Khmer United នាំមុខវិញ ដោយលទ្ធិផល ១ ទល់ ៣ ហើយលទ្ធិផលនេះរក្សារហូតដល់បញ្ចប់ការប្រកួត ៩០នាទី។

លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត និងជាស្ថាបនិកបង្កើតពាន បានលើកឡើងថា រដូវកាលទី៦នេះ ការប្រកួតពិតជាមានភាពស្វិតស្វាញ និងជក់ចិត្តតាំងពីវគ្គជម្រុះ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដោយសារការផ្លាស់ប្ដូរលក្ខខណ្ឌចូលរួមមួយចំនួន ដូចជាការអនុញ្ញាតឲ្យកីឡាករអាជីពចូលរួម ២រូប និងបើកសេរីចំពោះក្រុមកីឡាករបរទេសមិនអាជីពជាដើម ដែលនាំឲ្យការប្រកួតប្រជែងមានភាពតានតឹងយ៉ាងខ្លាំង និងមានការគាំទ្រកាន់តែច្រើនទៀត ។

លោកបន្ថែម  តាមរយៈភាពជោគជ័យក្នុងការរៀបចំ ៦ឆ្នាំមកនេះ លោកនឹងបន្ដរៀបចំព្រឹត្តិការណ៍នេះទៀត នាឆ្នាំក្រោយៗ នឹងរៀបចំឲ្យកាន់តែប្លែក និងអស្ចារ្យជាងមុន ពិសេសគឺការស្វែងរកដៃគូឧបត្ថម្ភ ដើម្បីបង្កើនរង្វាន់ជ័យលាភីកាន់តែច្រើន សម្រាប់សមាសភាពក្រុមចូលរួម លោកនឹងរក្សា ១៦ក្រុម ឬ ២០ក្រុម ដើម្បីដំណើរការប្រកួតខ្ទង់ ៤ខែនាឆ្នាំ២០១៨ខាងមុខ ។

ចំពោះរង្វាន់ជ័យលាភី នារដូវកាលទី៦ រួមមានក្រុមជើងឯក Bayon FC ទទួលបានពាន១ មេដាយមាស អមដោយប្រាក់រង្វាន់ ១,០០០ដុល្លារ និងក្រុមជើងឯករង គឺក្រុម Khmer United ទទួលបានពាន១ មេដាយប្រាក់ និងប្រាក់រង្វាន់ ៧០០ដុល្លារ ។ ចំណែកលេខ៣ បានទៅក្រុមនិស្ស័យ ក្រោយយកឈ្នះក្រុម Blue Dragon ដោយលទ្ធផល ៤-២ ធ្វើឲ្យនិស្ស័យទទួលបានពាន១ មេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ៣០០ដុល្លារ ខណៈលេខ៤ ក្រុម Blue Dragon ទទួលបានប្រាក់រង្វាន់ ២០០ដុល្លារ ។ រីឯពាន Fair Play បានទៅក្រុម V.Train ប៉ុន្ដែក្រុមនីមួយៗ ក៏ទទួលបានសម្ភារៈកីឡាជាច្រើនផងដែរ ៕