ប្រធានមូលនិធិ KMH និងជាស្ថាបនិកកីឡាបាល់ទាត់ KMH, លោក កាំង សេន បាន​ដឹក​នាំ​ក្រុម​ថ្នាល​យុវជន​បាល់ទាត់របស់​ខ្លួន ​ទៅស្វែងយល់កិច្ចការសង្គម និងវិស័យសិក្សាធិការ នៅ​សាលា Neeson Cripps Academy ​របស់​អង្គការ ​មូលនិធិ​កុមារ​កម្ពុជា ហៅកាត់ CCF ​ដែល​កសាង ​និង​ផ្ដួចផ្ដើម​ឡើង​ដោយ​លោក Scott Neeson​។

​មូលនិធិ KMH ​ក៏បាន​ប្រគល់​​ដំបូល​កន្លែង​អង្គុយ​រង់​ចាំ​របស់​អ្នក​ជំងឺ ​នៅ​ក្នុងអង្គការ​មូលនិធិ​កម្ពុជា​១​ខ្នង​ផង​ដែរ ដែល​នេះ​ជា​ការ​ផ្ដល់ជូន​ពី​ខាង​ ISI GROUP ដែលជាក្រុមហ៊ុនក្រុមហ៊ុនផ្គត់ផ្តង់ផលិតផលសំណង់ពីដែកប្រកបដោយគុណភាពខ្ពស់ ឈានមុខគេនៅកម្ពុជា។ លោក កាំង សេន បានឲ្យដឹងថា ​ការ​នាំ​​យុវជន​បាល់ទាត់​ទៅ​ស្វែងយល់នៅអង្គការមួយ​នេះ ​គឺ​មាន​បំណង​ចង់ឲ្យ​ពួកគេ​យល់​ដឹង​ពី​ស្ថានភាព​ជាក់​ស្ដែងទាក់ទងទៅ​នឹង​សាលា​របស់​លោក Neeson ​ផ្ទាល់​តែ​ម្ដង ​ថា​តើ​ក្មេង​ៗ​នៅ​ទី​នោះ​មាន​ការ​រស់​នៅ ​និង​ការរៀន​សូត្ររបស់ពួកគេ​យ៉ាងណាដែរ។ ​នាយក​មូលនិធិ KMH ​និង​លោក Scott Neeson ​ក៏បានប្រគល់ និងទទួល​កាដូរ​ជាសម្ភារៈ​កីឡា​មួយ​ចំនួន ​ដើម្បី​ជូនដល់​យុវជនសាលា Neeson Cripps Academy ​សម្រាប់ទុក​លេង​កីឡា ដើម្បី​សុខភាព ​និង​សាមគ្គីភាព។

មូលនិធិ​បាល់ទាត់ KMH ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ចូលរួម​លើក​កម្ពស់ ​និង​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ​និងជា​ស្នូល​វិជ្ជមាន​មួយ​ចំណែក ក្នុងកិច្ចការ​សង្គម​កម្ពុជា ​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​ក្នុង​ការ​អភិវឌ្ឍ​ទេព​កោសល្យ ​និង​បង្ហាញ​សមត្ថភាព​របស់​ខ្លួន។

សូមបញ្ជាក់ថា មូលនិធិ KMH តែងតែបានជួយដល់កិច្ចការសង្គមយ៉ាងសកម្ម នាពេលកន្លងមក តាមរយៈផ្តល់ថវិកា ដែលទទួលបានការជួយពីបណ្តាក្រុមហ៊ុនជាដៃគូជាច្រើន តាមរយៈព្រឹត្តិការណ៍បាល់ទាត់ KMH CUP និងKMH Champion League ជួយដល់អង្គការ មន្ទីរពេទ្យ គន្ធបុប្ជា ជាដើម៕