ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ផ្នែកយុវជនអាយុក្រោម ២០ឆ្នាំ (U-20) ដែលត្រូវបានរៀបចំឡើងដោយ FIFA នឹងចាប់ផ្តើមការប្រកួតនាចុងសប្តាហ៍នេះហើយ ដែលមានសាធារណរដ្ឋកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ ដោយមាន ២៤ក្រុមជម្រើសជាតិចូលរួម ចែកចេញជា ៦ពូល។

តាមរយៈគេទំព័រផ្លូវការរបស់ FIFA បានចេញផ្សាយឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧ នេះថា យុទ្ធនាការដែលមានរយៈពេល ២ឆ្នាំម្តងនេះ នឹងចាប់ផ្តើមបើកសម្ពោធនៃការប្រកួតជាផ្លូវការនៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧ចុងសប្តាហ៍នេះ និងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែមិថុនាខាងមុខ។

ក្រុមម្ចាស់ផ្ទះ U-20 របស់កូរ៉េខាងត្បូង នឹងត្រូវបានប្រកួតទល់នឹងក្រុម U-20 របស់ប្រទេសហ្គីណេ (Guinea) ក្រោយបើក សម្ពោធព្រឹត្តិការណ៍ជាផ្លូវការ និង U-20 អាហ្សង់ទីន ប៉ះ U-20 អង់គ្លេស នៅថ្ងៃបើកឆាកនៃពូល A ផងដែរនោះ ក្រៅពីពូល B មានវេណេហ្សូអេឡា អាល្លឺម៉ង់ ម៉ិចស៊ិច និងវ៉ាន់នូអាទូ (Vanuatu), ពូល C មានព័រទុយហ្គាល់ អ៊ីរ៉ង់ កូស្តារីកា និងសាមប៊ី។

ដោយឡែកពូល D មានអាហ្រ្វិកខាងត្បូង ជប៉ុន អ៊ីតាលី និងអ៊ុយរូហ្គាយ គ្រាដែលពូល E មានក្រុមបារាំង ហុងឌុយរ៉ាស ញូវហ្សេឡេន និងវៀតណាម ខណៈពូល F ចុងក្រោយគេមានអេក្វាទ័រ អាមេរិក អារ៉ាប៊ីសាអូឌីត និងសេនេហ្គាល់៕