ការប្រកួតពានរង្វាន់លីគលំដាប់ទី២ថៃ ( Thai League 2 ) បានបញ្ចប់ការប្រកួតជាផ្លូវការហើយ កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញ និងបានរកឃើញក្រុមដែលធ្លាក់ និងក្រុមឡើងទៅលីគកំពូលរដូវកាលក្រោយផងដែរ។
ក្រុមចំនួន៣ដែលទទួលបានកៅអីឡើងមកប្រកួតនៅក្នុងលីគកំពូលថៃ នារដូវកាលក្រោយរួមមាន ក្រុមជើងឯក Chaint FC ក្រុមលេខ២ Air Force United និងក្រុមលេខ៣ Prachuap FC។
ត្បិតការប្រកួតបានបញ្ចប់ជាផ្លូវការកាលពីម្សិលមិញ ប៉ុន្តែសមាសភាពក្រុមដែលឡើងមកលីគកំពូលថៃ បានរកឃើញតាំងពីថ្ងៃទី២៥ ខែកញ្ញា មកម្លេះ ជាមួយនឹងសមាសភាពក្រុមចំនួន២ មុននឹងរកឃើញក្រុមទី៣ កាលពីសប្ដាហ៍មុន។
ជាលទ្ធផល Chaint FC ទទួលបានជើងឯក ក្រោយប្រកួត៣១ដង ឈ្នះ១៩ដង ស្មើ៧ដង និងចាញ់៥ដង មាន៦៤ពិន្ទុ ស្របពេលដែល Air Force United ប្រកួត៣១ដងដូចគ្នា ឈ្នះ១៧ដង ស្មើ៨ដង និងចាញ់៦ដង មាន៥៩ពិន្ទុ ខណៈក្រុមលេខ៣ Prachuap FC ប្រកួត៣១ដង ឈ្នះ១៧ដងដូចគ្នា ស្មើ៥ដង តែចាញ់រហូតដល់៩ដង មាន៥៦ពិន្ទុ។
តារាងចំណាត់ថ្នាក់សរុបនៃលីគលំដាប់ទី២ថៃ៖
ដោយឡែក្រុមដែលត្រូវកាត់ទៅប្រកួតនៅលីគទី៣ថៃ នារដូវកាលក្រោយរួមមាន៣ក្រុម ក្នុងនោះរួមមាន២ក្រុមត្រូវកាត់ចោលដោយសារមិនបានចុះអាជ្ញាប័ណ្ណជាក្លិបបាល់ទាត់អាជីពជាមួយសហព័ន្ធកីឡាបាល់ទាត់ថៃ ពោលគឺក្លិប ក្លិប Nakorn Pathom និងក្លិប Samut Songkram ស្របពេលដែល Samut Songkram ក៏ស្ថិតក្នុងបញ្ជីជាក្រុមដែលនៅតំបន់កាត់ចោលផងដែរ ពោលគឺនៅលេខ១៦ ជាមួយ Bangkok FC ស្ថិតនៅលេខ១៧ ខណៈ ក្លិប BBCU FC ឈ្មោះពេញ Big Bang Chula United Football Club ត្រូវបានពិន័យដោយសហព័ន្ធកីឡាបាល់ទាត់ថៃ បន្ទាប់ពីដកខ្លួនពីលីគតាំងពីសប្ដាហ៍ទី១៤ ដោយសារជួបវិបត្តិហិរញ្ញវត្ថុ៕
រូបភាព៖ CHAINAT Football Club