ការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍​ ( SEA Games 2017 ) លើវិញ្ញាសារកីឡាបាល់ទាត់នឹងមានការប្រកួតនៅល្ងាចនេះ សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានម្ចាស់ផ្ទះម៉ាឡេស៊ី, ថៃ, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី។

យ៉ាងណាមិញការប្រកួតរវាង ម្ចាស់ផ្ទះម៉ាឡេស៊ី ជាមួយ ឥណ្ឌូនេស៊ី គឺសំបុត្រចូលរួមទស្សនាត្រូវបានលក់ដាច់អស់គ្មានសល់ ដែលជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍នេះចាប់តាំងពីចាប់ផ្ដើមប្រកួតតាំងពីថងៃទី១៤ ខែសីហានេះមក។

តាមសេចក្ដីរាយការណ៍ សំបុត្រចំនួន ៨០,៣៧២ សំបុត្រជាចំនួនកៅអីនៃកីឡដ្ឋាន Shah Alam Stadium ត្រូវបានអ្នកគាំទ្រជាវអស់ដោយគ្មានសល់សូម្បីតែ១កៅអី។

គួររំលឹកថា តម្លៃសំបុត្រចូលទស្សនាការប្រកួតនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ គឺមានតម្លៃ ២០,០០ រ៊ីងហ្គីតម៉ាឡេ ( ប្រហែល ២០,០០០ រៀលខ្មែរ )។

បញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះផងដែរ ថៃ ដែលជាក្រុមលេខ១ក្នុងពូល B ត្រូវប៉ះជាមួយ មីយ៉ាន់ម៉ា ដែលជាក្រុមលេខ២ក្នុងពូល A នៅម៉ោង ៣:០០ រសៀល និងគូនេះផ្ទាល់ ម្ចាស់ផ្ទះម៉ាឡេស៊ី ដែលជាក្រុមលេខ១ពូល A ជួបប្រកួតជាមួយ ឥណ្ឌូនេស៊ី  ដែលជាក្រុមលេខ២ក្នុងពូល B នៅម៉ោង ៧:៤៥ យប់៕

 

រូបភាព: Kuala Lumpur 2017 / tylin