យោងទៅតាមពិធីជួបជុំអត្តពលិកមុនចេញដំណើរទៅប្រកួតកីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី រដ្ឋមន្រ្តីក្រសួង វប្បធម៌ កីឡា និងទេសចរវៀតណាម ដាក់គោលដៅថានឹងធ្វើយ៉ាងណាអោយស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង៣ ជាមួយមេដាយមាស៦២គ្រឿងឡើងទៅ។

ថ្លែងក្នុងពិធីជួបជុំដដែលនេះ លោក Nguyen Ngoc Thien បានលើកឡើងថា៖ «យើងនឹងព្យាយាមរកមេដាយបន្ថែំពី ៤៩ ទៅ៥៩ មេដាយទៀត ដើម្បីស្ថិតនៅលំដាប់កំពូលទាំង៣។ ការប្រកួតនេះគឺជាឱកាសដ៏ល្អសម្រាប់វៀតណាមដើម្បីបង្ហាញពីភាពរីកចម្រើននៃវិស័យកីឡារបស់ទៅកាន់ប្រទេសក្នុងតំបន់ ក៏ដូចជាដើម្បីត្រៀមប្រកួតនៅក្នុងព្រឹត្តិការណ៍ធំៗដូចជា Asian Games នៅឆ្នាំ២០១៨ និង អូឡាំពិក ២០២០ ជាដើម»។

វៀតណាមនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដោយបញ្ចូនអត្តពលិកចំនួន៤៧៦នាក់ ប្រកួតលើប្រភេទកីឡាចំនួន៣២ ក្នុងចំណោម៣៨ប្រភេទកីឡា។

អត្តពលិកដំបូងគ្រោងនឹងចាកចេញពីមាតុប្រទេស ទៅកាន់ម៉ាឡេស៊ីនៅថ្ងៃទី១១នេះ  ស្របពេលអត្តពលិកជាក្រុមធំនឹងចេញដំណើរនៅថ្ងៃទី១៦ ខែដដែល។

គួរបញ្ជាក់ថា វៀតណាម បានដាក់គោលដៅឈរនៅជាក្រុមកំពូលតារាងទាំង៣ ជាមួយនឹងការឈ្នះមេដាយមាសចំនួន៦២ឡើងទៅ ខណៈកាលពីឆ្នាំ២០១៥កន្លងទៅនៅប្រទេសសិង្ហបុរី អត្តពលិកវៀតណាមបានឈ្នះមេដាយមាសរហូតដល់ទៅ៧៣មេដាយ និងឈរនៅលេខ៣ ក្នុងចំនៅមប្រទេសទាំង១១ក្នុងតំបន់អាស៊ាន៕

 

រូបភាព: VNA/VNS