សមាជិកខ្សែរាជវង្សនៃស្តេចស៊ុលតង់ Hassanal Bolkiah បានទទួលមេដាយសំរឹទ្ធនៅក្នុងការប្រកួតកីឡា SAE Games 2017 លើប្រភេទកីឡាជិះសេះវាយកូនបាល់ ( Polo ) ក្រោយបានយកឈ្នះ លើប្រទេសិង្ហបុរី។
ការប្រកួតដែលមានប្រទេសចំនួន៤ចូលរួម រួមមានម្ចាស់ផ្ទះម៉ាឡេស៊ី, ថៃ, សិង្ហបុរី និងព្រុយណេ បានចាប់ផ្ដើមតាំងពីថ្ងៃទី២០ ខែសីហា មក បានបន្តឈានចូលដល់វគ្គដណ្ដើមយកចំណាត់ថ្នាក់លេខ៣ ដោយក្រុមកីឡាជិះសេះវាយកូនបាល់ព្រុយណេ ដែលមានរាជបុត្រា និងរាជបុត្រី នៃស្តេចស៊ុលតង់ បញ្ចប់ទៅដោយទទួលបានមេដាយសំរឹទ្ធ ក្រោយយកឈ្នះ ក្រុមកីឡាជិះសេះវាយកូនបាល់សិង្ហបុរី ដោយលទ្ធផល ១០ទល់៨ លើទីលាន Putrajaya Equestrian កាលពីម្សិលមិញ។
គួរបញ្ជាក់ថាក្រុមកីឡាជិះវាយកូនបាល់ព្រុយណេ មានការចូលរួមពីព្រះអង្គម្ចាស់ Abdul Mateen Bolkiah និងអ្នកអង្គម្ចាស់ក្សត្រី Azemah Ni’matul Bolkiah ដែលជាបុត្រា និងបុត្រីនៃស្តេចស៊ុលតង់ Hassanal Bolkiah ផ្ទាល់តែម្ដង។
ដោយឡែកនៅលើប្រភេទកីឡានេះផងដែរ ការប្រកួតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃអង្គារ៍នេះ៕
រូបភាព: borneobulletin & kualalumpur2017