យោងតាមការចេញផ្សាយរបស់សារព័ត៌មាន football-tribe ជាភាសាអង់គ្លេសបានសរសេរថាសហព័ន្ធកីឡាបាល់ទាត់ថៃ បានបរាជ័យក្នុងការអញ្ញើញក្រុមជម្រើសជាតិខ្លាំងៗកម្រិតពិភពលោកដូចជា ជម្រើសជាតិបារាំង, ជម្រើសជាតិឆែក និងជម្រើសជាតិអ៊ុយរ៉ាហ្គាយ ក្នុងការចូលរួមប្រកួតពានរង្វាន់បាល់ទាត់ King Cup របស់ខ្លួននៅឆ្នាំនេះ។
យ៉ាងណាក្តីសេចក្តីរាយការណ៍មួយនេះបានបញ្ជាក់ថាក្រោយបរាជ័យនេះសហព័ន្ធកីឡាបាល់ទាត់ថៃ បានអញ្ញើញក្រុមជម្រើសជាតិ Burkina Faso ដែលស្ថិតនៅក្នុងទ្វីបអាហ្វ្រិក និងក្រុមជម្រើសជាតិកូរ៉េខាងជើងមកជំនួសវិញ ខណៈព្រឹត្តិការណ៍នេះគ្រោងរៀបចំពី១៤ ដល់១៦ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ មុនពេលជម្រើសជាតិខ្លួនបញ្ចប់បេសកម្មក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (2018 World Cup third-round qualifying) ជុំទី៣ ចំនួន២ប្រកួតចុងក្រោយគឺនៅខែសីហា និងខែកញ្ញា ឆ្នាំ២០១៧នេះ។
ពានរង្វាន់បាល់ទាត់ King Cup របស់ថៃ បង្កើតឡើងតាំងពីឆ្នាំ១៩៦៨ មកម៉្លេះហើយជម្រើសជាតិថៃ ធ្លាប់ឈ្នះជើងឯកចំនួន១៤លើកផងដែរ ខណៈក្រុមនេះជាម្ចាស់ជើងឯកឆ្នាំចាស់ ក្រោយយកឈ្នះលើក្រុមហ្សកដានី ដោយលទ្ធផល ២ទល់០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីឆ្នាំ២០១៦ កន្លងទៅ៕