គ្រូបង្វឹកក្លឹប Manchester United លោក Jose Mourinho កំពុងរៀបចំកញ្ចប់ទឹកប្រាក់ បំបែកកំណត់ត្រាក្លឹបក្នុងរដូវដោះដូរកីឡាករខាងមុខនេះ ជាមួយនឹងលុយ១៧៧លានផោន ដេញថ្លៃយកខ្សែបម្រើសំខាន់ម្នាក់របស់ Real Madrid ។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ នៅតែបន្តសាងសង់ក្រុមរបស់គាត់នៅ Old Trafford។ គាត់បានកំណត់អត្តសញ្ញាណគោលដៅបន្ទាប់របស់គាត់រួចហើយៗ ពេលនេះក៏កំពុងរៀបចំសំណើរមួយដែលគេដឹងថា នឹងបំបែកកំណត់ត្រាថ្លៃជាងគេរបស់ក្លឹបដែលកំពុងកាន់កាប់ដោយ Paul Pogbaក្នុងតម្លៃ៨៩លានផោនកាលពីឆ្នាំ២០១៦។
កីឡាករដែលគេកំពុងឆ្ងល់នោះគឺខ្សែបម្រើប្រយុទ្ធស្លាប Marco Asensio ដែលគេចាត់ទុកជាទូទៅថា ជាអនាគតកីឡាករល្បីក្នុងប្រទេសអេស្ប៉ាញ នឹងអឺរ៉ុប។ តាមពិតទៅ! Real Madrid ស្នើឲ្យកីឡាករវ័យ២១ឆ្នាំ លេងជាមួយក្លឹបរហូតមួយជីវិតតែម្ដង ប៉ុន្តែប្រហែលជាមិនអាចបញ្ឈប់ ពីការចង់បានរបស់ Mourinho ដែលកំពុងពេញចិត្តខ្លាំងនូវទម្រង់លេងរបស់កីឡាករ ហើយត្រូវនឹងទស្សនៈដឹកនាំរបស់លោកនោះទេ។
បិសាចក្រហមនឹងចំណាយ១៧៧លានផោន ដើម្បីរក្សាចំណងដោះដូរផ្ដាច់មុខជាមួយ Real Madrid ហើយបើតាមប្រភព Don Balon បិសាចក្រហមហ៊ានឲ្យកុងត្រា២៧លានអឺរ៉ូ(២៤លានផោន)ក្នុងមួយឆ្នាំទៅកីឡាករ ឬអាចនិយាយបានថាប្រាក់ឈ្នួល៤៦១០០០ផោនក្នុងមួយអាទិត្យ ហើយកុងត្រាសរុបគឺកិច្ចព្រមព្រៀង៥ឆ្នាំ៕