អតីតខ្សែបម្រើជម្រើសជាតិអ៊ីតាលី Andrea Pirlo បានប្រកាសពីការព្យួរស្បែកជើងបាល់ទាត់របស់ខ្លួនហើយបន្ទាប់ពីលេងការប្រកួតចុងក្រោយឲ្យក្លឹប New York City ក្នុងក្របខណ្ឌ MLS។
មុនពេលចូលនិវត្តន៍កីឡាករវ័យចាស់ម្នាក់នេះធ្លាប់ឈ្នះពានធំៗដូជា៖ Champions League ២ដង World Cup 2006 ម្ដងនិងឈ្នះពាន Serie A ៦សម័យកាលអំឡុងប្រកបអាជីពនៅ AC Milan, Juventus និង Inter Milan។ ការបង្ហាញខ្លួនលើកចុងក្រោយក្នុងនាមជាកីឡាករអាជីពបានកើតឡើងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ក្រោយប្ដូរចូលពីកៅអីបម្រុងខណៈ New York City ត្រូវជួបជាមួយ Columbus Crew ក្នុងការប្រកួតចុងក្រោយក្នុងលីក។
កីឡាករវ័យ៣៨ឆ្នាំបានសរសេរក្នុងគណនី Twitter ផ្លូវការរបស់ខ្លួន៖” ប្រកួតចុងក្រោយក្នុង MLS។ ខណៈពេលវេលាក្នុងក្លឹបNYFC ត្រូវបញ្ចប់ខ្ញុំសូមនិយាយពាក្យពីរបីម៉ាត់”។
— Andrea Pirlo (@Pirlo_official) November 6, 2017
“ ខ្ញុំចង់អរគុណដល់មនុស្សគ្រប់គ្នាដែលបានគាំទ្រខ្ញុំក្នុងទីក្រុងដ៏អស្ចារ្យនេះ អរគុណសម្រាប់ការគាំទ្រដ៏អស្ចារ្យ អរគុណដល់គ្រូបង្វឹក បុគ្គលិកគ្រប់គ្នាដែលធ្វើការនៅក្នុងក្លឹបពិសេសមិត្តរួមក្រុមទាំងអស់។ មិនត្រឹមតែដំណើរផ្សងព្រេងនៅNY ទេដែលត្រូវបញ្ចប់ ដំណើរផ្សងព្រេងក្នុងពិភពបាល់ទាត់របស់ខ្ញុំក៏ត្រូវបញ្ចប់ដូចគ្នា……”។
Andrea ចូលនិវត្តន៍ពីក្រុមជម្រើសជាតិអ៊ីតាលីកាលពីឆ្នាំ២០១៥ ដោយបង្ហាញខ្លួនបាន១១៦ប្រកួតរកបាន១៣គ្រាប់៕