ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រោមថ្វីជើងក្រុមកីឡាករអាហ្វ្រិកប្រកបអាជីពបាល់ទាត់នៅកម្ពុជា (African All Stars)ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំក្នុងពហុកីឡដ្ឋានជាតិកាលពីល្ងាចមិញ។
ក្នុងការប្រកួតកំដៅសាច់ដុំមួយនេះ ត្រូវបែងចែកជាបីវគ្គ ក្នុងមួយវគ្គមាន៣០នាទី ដើម្បីដាក់កីឡាករឲ្យលេងទាំងអស់សម្រាប់វាស់សមត្ថភាពក្នុងក្រុម។ មួយគ្រាប់របស់ក្រុមកីឡាករជម្រើសជាតិកម្ពុជារកបានដោយខ្សែបម្រើប្រាក់ មុន្នីឧត្តម។
សូមបញ្ជាក់ថាការប្រកួតនេះ គ្រាន់តែជាការប្រកួតមិត្តភាពលក្ខណៈក្រៅផ្លូវការប៉ុណ្ណោះ។ ដោយឡែកក្រុមកម្ពុជានឹងត្រូវប្រកួតមិត្តភាពអន្តរជាតិមែនទែន ជាមួយក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា នៅថ្ងៃទី ០៩ ខែ វិច្ឆិការ ឆ្នាំ ២០១៧ វេលាម៉ោង ៦ និង៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
៥ថ្ងៃក្រោយការប្រកួតមិត្តភាពនេះ កម្ពុជានឹងត្រូវទទួលក្រុមជើងខ្លាំងហ្សកដានី ក្នុងទីក្រុងភ្នំពេញដូចគ្នា ក្នុងវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2019 ខណៈទាំងពីរប្រកួតទូរទស្សន៍ BTV នឹងធ្វើការផ្សាយផ្ទាល់ជូនប្រិយមិត្ត៕
រូបភាព៖ FFC