ក្រុមបាល់ទាត់មួយនៅក្នុងលីគកំពូលឥណ្ឌូនេស៊ី Bali United កំពុងតែចរចាអំពីការចុះហត្ថលេខាជាមួយអតីតកីឡាករជម្រើសជាតិអង់គ្លេស Frank Lampard ។

ប្រភពនៅប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ខ្សែបម្រើខ្សែបម្រើកណ្តាលវ័យ៣៩ឆ្នាំរូបនេះ នឹងក្លាយជាកីឡាករដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបានចុះហត្ថលេខាលើក្រុមដែលមានរហស្សនាមថា Laskar Semeton Dewata នេះនៅក្នុងរដូវកាលក្រោយ។

វាត្រូវបានគេរាយការណ៍ផងដែរថា លោក Pieter Tanuri ម្ចាស់ក្លិប Bali United បានជួបចរចារជាមួយអតីតតារាបាល់ទាត់ Chelsea និង Manchester City នៅពេលគាត់បានចូលរួមក្នុងព្រឹត្តិការណ៍ AP Sport 2017 Summit នៅទីក្រុង Manchester កាលពីថ្ងៃអាទិត្យ។

«Lampard បានប្រាប់ខ្ញុំថាបាល់ទាត់ត្រូវការបច្ចេកវិទ្យាឥឡូវនេះ។ គាត់ក៏បានប្រាប់ខ្ញុំអំពីរឿងរ៉ាវរបស់គាត់នៅពេលដែលលេងឱ្យ Chelsea និង Manchester City»។ នេះបើតាមសម្តីរបស់ លោក Pieter ដែលត្រូវបានដកស្រង់ដោយសារពត៌មាន Tribun Bali។

គួរបញ្ជាក់ថា Lampard បានប្រកាសពីការចូលនិវត្តន៍របស់គាត់ពីអាជីពបាល់ទាត់ នៅក្នុងខែកុម្ភៈ ជាមួយនឹងការធ្លាប់ឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស ចំនួនប៣ដង ពានរង្វាន់ FA Cup ចំនួន៤ដង និងពានរង្វាន់ Champions League ជាមួយ Chelsea៕

 

រូបភាព: chelseanews24 & footballchannel