ក្រុម ISI group United រកបាន ១ពិន្ទុ បន្ទាប់ពីវាយបកយកស្មើក្រុមខ្លាំងដូនពេញ ៣ទល់នឹង៣ ថ្ងៃបើកឆាកព្រឹត្តិការណ៍បាល់ទាត់ពាក់កណ្តាលអាជីពធំជាងគេបង្អស់ នៅកម្ពុជា KMH Champions League ដែលមានប្រាក់រហូតដល់ជាង១០០លានរៀល កាលពីល្ងាចចុងសប្តាហ៍កន្លងទៅនេះ នៅលើទីលានបាល់ទាត់ KMH Park។
ជាមួយនឹងថ្ងៃបើកឆាកនេហ ដែលមាន២ប្រកួត ដោយគឺក្រុម ISI Group បានបង្ហាញភាពខ្លាំងរបស់ខ្លួននៅដោយអាចតាមបានស្មើគ្នាវិញ ដោយលទ្ធផល ៣ទល់៣ ជាមួយក្រុមជើងឯករងរដូវកាលមុន ក្រុមដូនពេញ។ ក្រុមជើងឯករងនេះបានបើកការនាំមុខលើក្រុម ISI Group ២គ្រាប់មុន ដោយធ្វើសម្រេចដោយកីឡាករ ព្រំ ពុទ្ធសិទ្ធី និង សុខ គន់គី គិតត្រឹម ១៦នាទីដំបូង។ បន្ទាប់មកទើបក្រុម ISI GROUP United ដែលជាម្ចាស់ផ្ទះបានវាយបកនាំមុខវិញ ៣ទល់២ ដែលរកបានដោយកីឡាករ លី អារីហ្វីន, ឆេង សុភ័ក្រ និងកីឡាករ Blessing នៅនាទី៣៩, ៧៥ និងនាទី៨៥។ ប៉ុន្តែនៅសល់៥នាទីចុងក្រោយ ក្រុមដូនពេញរកបាននៅគ្រាប់ទី៣ តាមស្មើរវិញ នៅក្នុងម៉ោងបន្ថែមបង្រ្គប់៩០នាទី។ ចំណែកឯ១ប្រកួតទៀត គឺក្រុម HPLបានយកឈ្នះក្រុមយុវជកំពង់ចាម នៅក្នុងលទ្ធផល ៦ទល់១។
ឆ្លៀតក្នុងឱកាសនោះដែរ លោក កាំង សេន ស្ថាបនិប KMH Champions League មានប្រសាសន៍ថា ដោយសារ ព្រឹត្តិការណ៍កីឡាបាល់ទាត់មួយនេះកាន់តែទទួលបានការគាំទ្រកាន់តែខ្លាំង លោកបានបង្កើនប្រាក់រង្វាន់សម្រាប់ក្រុមជើងឯក ក៏ដូចជាក្រុមខ្លាំងៗមួយចំនួនទៀត តាមដំណាក់កាលនីមួយៗ លើសកាលពី២រដូវកាល កន្លងទៅដែរ។ KMH Champions League ត្រូវបានបង្កើតឡើងលើកទី១ កាលពីឆ្នាំ២០១៥ ដោយក្នុងគោលបំណងចម្បងៗមួយចំនួន ដូចជាចូលរួមលើកកម្ពស់ និងអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា, ផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការអភិវឌ្ឍទេពកោសល្យ ក៏ដូចជាបង្ហាញសមត្ថភាពរបស់ខ្លួន និងប្រមូលសប្បុរសធម៌ដើម្បីជួយដល់សង្គម។ ជាក់ស្តែង តាមរយៈ KMH Champions League និង KMH Cup រដូវកាលកន្លងមកនេះ មូលនិធិបាល់ទាត់ ខេ អឹម អេច បានប្រមូលថវិកាមួយចំនួនធំ ដើម្បីជួយឧបត្តម្ភគ្រាំទ្រដល់មន្ទីរពេទ្យកុមារគន្ធបុប្ឋា បណ្តាញអង្គការសប្បុរសធម៌នានា និងក៏បានធ្វើសកម្មភាពការងារសង្គមមួយចំនួន ជាពិសេសគឺថែមទាំងបានរួមចំណែកយ៉ាងធំធេងដល់វិស័យកីឡាផងដែរ។
សូមបញ្ជាក់ថា ប្រាក់រង្វាន់ជ័យលាភីរដូវកាលទី៣នេះ ត្រូវបានបង្កើច្រើនជាងឆ្នាំមុនៗ ដោយក្រុមជើងឯក ទទួលបាន ១ម៉ឺន ២ពាន់ដុល្លារ, ក្រុមជើងឯករង ទទួលបាន ៦ពាន់ដុល្លារ, ក្រុមលេខ៣ ទទួលបាន ៣ពាន់ដុល្លារ និងក្រុមលេខ៤ ទទួលបាន ១,៥០០ដុល្លារ។ ក្រៅពីនេះក្រុមធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយក៏ទទួលបានប្រាក់រង្វាន់ ៦០០ដុល្លារ និងក្រុមធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយក៏ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួន ៣០០ដុល្លារផងដែរ។ ចំពោះក្រុម Fair Play ទទួលបាន ៧៥០ដុល្លារ ខណៈអ្នកទាត់បញ្ជូលទីច្រើនជាងគេ, អ្នកចាំទីល្អ និងអាជ្ញាកណ្តាលឆ្នើមប្រចាំព្រឹត្តិការណ៍ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន ៤០០ដុល្លារដូចៗគ្នា៕