ក្លិបបាល់ទាត់មួយនៅមីយ៉ាន់ម៉ា ឈ្មោះ Shan United ទើបតែស្គាល់ជាតិកាន់ពានលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប ក្រោយបង្កើតឡើងអស់ជាង១០ឆ្នាំមក កាលពីល្ងាចថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៧ ក្រោយយកឈ្នះ ក្លិប Yangon United នៅវគ្គផ្ដាច់ព្រ័ត្រ។
Shan United ឈ្នះពានរង្វាន់ជាលើកដំបូង បន្ទាប់ពីបានយកឈ្នះ ក្លិប Yangon United នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ក្នុងស្រុករបស់ខ្លួន General Aung San Shield 2017 ដោយលទ្ធផល ២ទល់១ នាកីឡដ្ឋាន Bogyoke Aung San Stadium។
សម្រាប់ការឈ្នះនេះ ត្រូវបានកត់ចូលជាការឈ្នះពានរង្វាន់លើកដំបូង បន្ទាប់ពីក្លិបដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Shan មួយនេះ បានបង្កើតឡើងនៅឆ្នាំ២០០៥ ពោលគឺរយៈពេល១២ឆ្នាំ ដោយពុំដែលលើកពាននានានៅក្នុងលីគ ក៏ដូចជា Cup។
ក្លិប Shan United ដដែលនេះនឹងនៅមានឱកាសឈ្នះពានរង្វាន់មួយទៀត ពោលគឺពានរង្វាន់លីគកំពូលមីយ៉ាន់ម៉ា ( Myanmar National League ) ដែលគ្រោងនឹងបញ្ចប់នៅចុងសប្ដាហ៍នេះផ្ទាល់តែម្ដង ខណៈគូប្រជែងចំបងរបស់ Shan United គឺជាក្រុម Yangon United ដដែលនេះ ក្នុងសប្ដាហ៍ទី២២ដែលជាសប្ដាហ៍ចុងក្រោយនៃលីគ៕
រូបភាព: General Aung San Shield