សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសឲ្យដឹងថា សហព័ន្ធនឹងរៀបចំការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯក SCG ប្រចាំឆ្នាំ២០១៧ ដែលគ្រោងនឹងដំណើរការរយៈពេល២ថ្ងៃ ពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ នៅអាងហែលទឹកនៃពហុកកីឡដ្ឋានជាតិ ដោយមានអត្តពលិកហែលទឹកចំនួន១០០នាក់គ្រោងនឹងចូលរួម មកពី៩ក្លឹបទូទាំងប្រទេស។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាហែលទឹក ជ្រើសរើសជើងឯក ស៊ីម៉ង់តិ៍កំពត ដូរឈ្មោះមកជាជើងឯក SCG លើកទី៧ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលគ្រោងរៀបចំឡើងនាដើមខែក្រោយនេះ។ ក្រៅពីនេះសហព័ន្ធមានគោលដៅពង្រឹងសមត្ថភាពកីឡាករកីឡាការិនីរបស់ខ្លួនសម្រាប់ត្រៀមចូលរួមប្រកួតជើងឯកយុវជនអាស៊ាន CH Swimming Championship នៅប្រទេសប៊្រុយណេ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១០ដល់១២ វិច្ឆិកា ឆ្នាំ២០១៧។
អគ្គលេខាធិការរូបបន្ថែមថា សម្រាប់ការប្រកួតជើងឯកយុវជនអាស៊ាន នាខែវិច្ឆិកា ឆ្នាំ២០១៧, សហព័ន្ធខ្មែរ នឹងបញ្ជូនកីឡាករអាយុក្រោម១៣ឆ្នាំម្នាក់ និងកីឡាការិនីអាយុក្រោម១៥ឆ្នាំម្នាក់ទៅចូលរួម។ លោកបន្តថា សហព័ន្ធគ្រោងបញ្ជូនអត្តពលិកជាច្រើនរូប ប៉ុន្តែដោយសារថវិកាខ្វះខាតទើបសហព័ន្ធសម្រេចបញ្ជូនតែពីរនាក់នេះទៅចូលរួម។
លោកអះអាងថា លោកមានក្តីរំពឹង៦០% សម្រាប់ការប្រជែងដណ្តើមមេដាយពីការប្រកួតនេះ ដោយសារកីឡាករកីឡាការិនី ដែលត្រៀមចូលរួមសុទ្ធតែជាកីឡាករមានសមត្ថភាព និងមានកំណត់ត្រាខ្ពស់ជាងគេ ក្នុងស្រុក។ សម្រាប់ការចូលរួមលើកនេះអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកនឹងចូលរួមកិច្ចប្រជុំរបស់សហព័ន្ធកីឡាហែលទឹកអាស៊ានជាបណ្តាថ្នាក់ដឹកនាំសហព័ន្ធផ្សេងៗទៀត ដើម្បីពិភាក្សាពាក់ព័ន្ធនឹងការប្រកួតជើងឯកយុវជនអាស៊ាន។ ពេលនោះលោកនឹងស្នើដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាហែលទឹកអាស៊ានសុំធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកយុវជនអាស៊ាននៅឆ្នាំ២០១៨ ឬឆ្នាំ២០១៩ ខាងមុខផងដែរ៕