សហព័ន្ធកីឡាបាល់ទាត់ថៃ ចង់បញ្ជូនត្រឹមយុវជនអាយុក្រោម២០ឆ្នាំ ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន 2019 SEA Games លើកទី៣០ ដែលធ្វើនៅប្រទេសហ្វីលីពី ឆ្នាំ ២០១៩ ខាងមុខនេះ។

លោក Witthaya Laohakul ប្រធានបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់ថៃ FAT បានប្រាប់ថាប្រទេសថៃគ្រោងនឹងបញ្ជូនកីឡាករត្រឹមវ័យក្រោម២០ឆ្នាំប៉ុណ្ណោះ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០១៩ ខាងមុខនាប្រទេសហ្វីលីពីន។

ប្រទេសថៃបានឈ្នះមេដាយមាសចំនួនបីដងជាប់ៗគ្នា នៅក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកចុងក្រោយនៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា ខណៈពេលដែលកម្រិតអាយុកីឡាករដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ត្រូវបានកាត់បន្ថយពីអាយុក្រោម២៣ឆ្នាំ មកនៅត្រឹមអាយុក្រោម២២ឆ្នាំ។

លោក Witthaya បានថ្លែងថា៖ «ការប្រើកីឡាករវ័យក្មេងនឹងបង្កហានិភ័យខ្ពស់ដល់ឱកាសក្នុងការឈ្នះមេដាយមាសនៅ SEA Games ប៉ុន្តែវានឹងផ្តល់ផលប្រយោជន៍ដល់ជម្រើសជាតិក្នុងរយៈពេលយូរ»។

លោកបានបន្ថែមថាការផ្លាស់ប្តូរដែលបានគ្រោងទុកនេះនឹងអនុវត្តចំពោះតែក្នុងវិញ្ញាសារបាល់ទាត់បុរសប៉ុណ្ណោះ ហើយវានឹងមិនមានឥទ្ធិពលក្នុងវិញ្ញាសារបាល់ទាត់នារី និងបាល់ទាត់ក្នុងសាលឡើយ។

គួរបញ្ជាក់ថា ការប្រកួតកីឡា SEA Games លើកក្រោយ នឹងត្រូវរៀបចំធ្វើឡើងនៅប្រទេសហ្វីលីពីន នាឆ្នាំ ២០១៩ ខាងមុខនេះ៕

 

រូបភាព: fathailand 

ប្រភព:  fathailand