ខ្សែការពារម៉ាឡេស៊ី កីឡាករ Aidil Zaquan Abdul Radzak ត្រូវបានសហព័ន្ធកីឡាបាល់ទាតទ្វីបអាស៊ីដាក់ពិន័យចំនួន៤ប្រកួត និងពិន័យជាប្រាក់ចំនួន ៥,០០០ ដុល្លារ សម្រាប់អកប្បកិរិយាមិនសមរម្យរបស់គាត់ក្នុងការប្រកួតជម្រុះ AFC Asian Cup រវាងម៉ាឡេស៊ី ជាមួយ ក្រុមហុងកុងកាលពីដើមខែកញ្ញាកន្លងទៅ។
ការណ៍នេះបានកើតឡើងនៅឯកីឡដ្ឋាន Hang Jebat របស់ម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកញ្ញា ក្នុងការប្រកួតដែលបានបញ្ចប់ ក្នុងលទ្ធផលស្មើ ១ទល់១។
ហេតុការណ៍នៅពេលនោះ បានកើតឡើងនៅពេលដែលអាជ្ញាកណ្តាលអូស្រ្តាលី លោក Christopher Beath បានផ្តល់បាល់ពិន័យប៉េណាល់ទី ទៅហុងកុង ដែលត្រូវបានប្រព្រឹត្តិកំហុសដោយ កីឡាករ Aidil នេះផ្ទាល់តែម្ដង។
Aidil ត្រូវបានគេចោទប្រកាន់ថាបាន រំលោភបំពាន និងបានរុញដៃអាជ្ញាកណ្ដាល លោក Beath ចេញ ដែលត្រូវបានផ្តល់កាតលឿង ហើយត្រូវបានបណ្ដេញចេញភ្លាមៗបន្ទាប់ពីកីឡាករម៉ាឡេស៊ីម្នាក់ទៀតឈ្មោះ Rizal Ghazali ត្រូវបានអាជ្ញាកណ្តាលដដែលបណ្តេញចេញផងដែរ មុនពេលដែលកីឡាកររូបនេះដើរចូលទៅកាន់ទីលាន ដោយគ្មានការអនុញ្ញាតបន្ទាប់ពីទទួលបានការព្យាបាលនៅខាងក្រៅ។
ជាមួយនឹងការព្យួរកីឡាករ Aidil ដែលលេងឱ្យក្លិប Johor Darul Takzim ម្ចាស់ជើងឯកក្របខ័ណ្ឌលីគកំពូលម៉ាឡេស៊ី នឹងខកខានការប្រកួតជាមួយជម្រើសជាតិម៉ាឡេស៊ី ជាមួយនឹងកូរ៉េខាងជើង (ថ្ងៃទី ៥ តុលា) ហុងកុង (១០ តុលា) និងលីបង់ (២ មីនា ២០១៨) ទាំងអស់។
ការដាក់ទណ្ឌកម្មនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិវិន័យវិន័យនិងសីលធម៌របស់ AFC និងបានបង្ហោះនៅលើគេហទំព័ររបស់ AFC៕
រូបភាព: alchetron