សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានជូនដំណឹងដល់សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ថាក្រសួងការបរទេសម៉ាឡេស៊ី បានចេញការហាមឃាត់ការធ្វើដំណើរទៅលើជនជាតិម៉ាឡេស៊ី ដែលមកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង។
យោងតាមព័ត៌មាននេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC បានពន្យារពេលការប្រកួត AFC Asian Cup UAE 2019 ជុំផ្តាច់ព្រ័ត្រ ជាថ្មីម្ដងទៀត សម្រាប់ពូល B រវាង កូរ៉េខាងជើង និងម៉ាឡេស៊ី ដែលត្រូវបានគេគ្រោងនឹងត្រូវប្រកួត នៅក្នុងទីក្រុងព្យុងយ៉ាង នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។
បច្ចុប្បន្ន AFC នឹងបញ្ជូនបញ្ហានេះទៅគណៈកម្មាធិការសម្របសម្រួល ដើម្បីធ្វើការសម្រេចចិត្តអំពីស្ថានភាពនាពេលអនាគតនៃការប្រកួតនេះ។
គួររំលឹកថា កាលពីខែមិនាកន្លងទៅការប្រកួតរវាងក្រុមទាំង២ត្រូវបានលើកការប្រកួតម្ដងហើយ ដោយកាលគ្រានោះស្ថិតក្នុងហេតុផលនយោបាយ និងបានលើកទៅប្រកួតនៅថ្ងៃទី៨ ខែមិថុនា តែក្រោយមកក៏ត្រូវបានលើកពេលជាថ្មីម្ដងទៀត ដោយលើកមកប្រកួតនៅថ្ងៃទី៥ ខែតុលា ខាងមុខនេះ និងត្រូវបានលើកពេលជាលើកទី៣នេះផ្ទាល់តែម្ដង៕
រូបភាព: malaysiakini