ព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាទូទាំងប្រទេស ប្រចាំឆ្នាំសិក្សា ២០១៦-២០១៧ ត្រូវបានធ្វើពិធីបើក ជាផ្លូវការហើយ កាលពីល្ងាចម្សិលមិញ នៅពហុកីឡាដ្ឋានខេត្ដកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។
យោងតាមរបាយការ គណៈកម្មការប្រកួតបានឲ្យដឹងថា កម្មវិធីប្រកួតបានចាប់ផ្ដើមនៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃទី០៤ខែតុលាឆ្នាំ២០១៧ ដោយលើកយកវិញ្ញសាកីឡាចំនួន៦ប្រភេទមកឲ្យប្រកួតមានកីឡាបាល់ទាត់មានផ្នែកបុរស២៥ក្រុម ផ្នែកនារី២១ក្រុម, វិញ្ញាសារបាល់ទះមានផ្នែកបុរស២៣ក្រុម ផ្នែកនារីមាន២៤ក្រុម, កីឡាបាល់បោះមានផ្នែកបុរស២០ក្រុម ផ្នែកនារី១៨ក្រុម, វិញ្ញាសារអត្តពលកម្ម ផ្នែកបុរសមាន២៤ក្រុម ផ្នែកនារី២៣ក្រុម, វាយកូនឃ្លីលើតុ ផ្នែកបុរសមាន៥ក្រុម ផ្នែកនារីមាន៣ក្រុម និងវិញ្ញាសារប៉េតង់ ផ្នែកបុរសមាន១២ក្រុម ផ្នែកនារីមាន៣ក្រុមដែលមានថ្នាក់ដឹកនាំកីឡាករសរុបប្រមាណជាង២៨០០នាក់និងនារីប្រមាណ១០០០នាក់។
លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាឲបានឲ្យដឹងថា សូមឲ្យថ្នាក់ដឹកនាំកីឡាករ និងកីឡាការិនីទាំងអស់ត្រូវខិតខំឲ្យអស់សមត្ថភាព ដើម្បីដណ្តើមបានលទ្ធផលល្អមួយជូនដល់ក្រុម ឬខេត្តរបស់ខ្លួន ជាពិសេសគឺត្រូវចូលរួមលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីថែទាំសុខភាពឲ្យបានល្អ ជៀសវាងជំងឺផ្សេងៗផងដែរ។
លោកបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានដឹកនាំវិស័យកីឡាត្រូវបានទទួលនៅក្នុងក្របខ័ណ្ឌជាតិ ក៏ដូចជានៅលើឆាកអន្តរជាតិ ហើយកីឡាករយើងតែងតែនាំមកនូវកិត្តិ យសមកជូនជាតិស្ទើរតែគ្រប់ផ្នែកកីឡាទាំងអស់។
រដ្ឋលេខាធិការរូបនេះ ក៏បានផ្ដាំផ្ញើរដល់មន្រ្ដីបចេ្ចកទេសទាំងអស់ត្រូវដឹកនាំការប្រកួតដោយយុត្តិធម៌ ទើបយើងអាចរក បាននូវកីឡាករ និងកីឡាការនីឆ្នើម ដែលមានទេកោសល្យ និងកាយសម្បទាល្អ ដែលអាចយកទៅបណ្ដុះបណ្ដាលឲ្យក្លាយជាកីឡាករសម្រាប់ប្រទេសជាតិ ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២ ដែលប្រទេស ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ខាងមុខ។
ចំពោះក្រុមកីឡាករវិញ លោកបានសំណូមពរឲ្យពួកគេត្រូវរក្សាវិន័យឲ្យខាងតែបានទាំងពេលប្រកួតនិងចប់ការប្រកួត ហើយត្រូវបញ្ចេញទេពកោសល្យ និងបចេ្ចកទេស ដើម្បីដណ្តើមបានជ័យជំនះ។ កីឡាករត្រូវតែរឹតចំណងសាមគ្គីគ្នាឲ្យបានល្អ និងត្រូវស្ដាប់អាជ្ញារកណ្ដាលនៅគ្រប់ពេលរាល់ការប្រកួត ហើយត្រូវប្រកាន់ភ្ជាប់ថា កីឡានាំមកនូវសុខភាព និងកាយសម្បទាល្អ។ មួយវិញទៀតយើងទាំងអស់គ្នាត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនហើយងាកមកលេងកីឡាជំនួសវិញ៕
រូបភាពពីអគ្គនាយកដ្ឋានកីឡា