អង្គការដើម្បីភាពញញឹមនៃកុមារ បានសម្ភោធសមិទ្ធីផលថ្មីចំនួន ២ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិក្លឹបបាល់ទាត់ Real Madrid និង ក្រុមហ៊ុន Smart លើផ្នែកកីឡា ក្នុងនោះមាន សាលារៀនសង្គមកីឡា និងទីលានបាល់ទាត់ Futsal ស្មៅសិប្បនិម្មិសម្រាប់កុមារៗ លេង កាលពីថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ។
អគ្គនាយកអង្គការ PSE លោក លន់ បូរិទ្ធី បានឲ្យដឹងថា សម្រាប់គម្រោងទាំងពីរដែលទទួលបានការឧបត្ថម្ភដៃគូសហការនេះ មានសាលារៀនសង្គមកីឡា គឺទទួលបានការសហការឧបត្ថម្ភពីមូលនិធិក្លឹបបាល់ទាត់ Real Madrid ចំណែកខ ទីលានបាល់ទាត់ហ្វូ Futsal ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Smart ។ លោកសង្ឃឹមថា ចំពោះសមិទ្ធិផលថ្មីនេះ ជាកន្លែងផ្ដល់ឱកាសឲ្យកុមារក្រីក្រ បានចូលរួមលេងកីឡា ដើម្បីសុខភាព និងបង្កើតសាមគ្គីភាព រវាងគ្នានឹងគ្នាបន្ថែមទៀត ហើយ មួយវិញទៀតនោះគឺ ជំរុញឲ្យពួកគេបានអនុវត្តការងារជាក្រុមបានល្អប្រសើរផងដែរ ។
ទន្ទឹមនឹងការនឹងការសម្ភោធសមិទ្ធិផលថ្មីនេះដែរ លោស្រី រ៉ូហ្សា រ៉ុនខាល ប្រធានមូលនិធិ Real Madrid បានបង្ហាញនូវគោលជំហរខ្ពស់ចូលរួមសហការជាមួយអង្គការ PSE ដើម្បីគោលដៅរួមមួយ ដែលមានភាពប្រាកដប្រជា លើផ្នែកកីឡា ក្នុងបំណិនជីវិត និងការអភិវឌ្ឍន៍សង្គម ។ លោកស្រីជឿជាក់ថា ចំពោះជំនួយរបស់មូលនិធិ Real Madrid នេះ គឺមិនត្រឹមតែរៀន និងលេងប៉ុណ្ណោះទេ គឺវាផ្តល់ផលប្រយោជន៍ច្រើនដល់សិស្សានុសិស្ស ក្នុងអង្កការ PSE ដើម្បីហ្វឹកហ្វឹនឲ្យស្របទៅតាមបទដ្ឋានលំដាប់អន្តរជាតិទៀតផង។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ហង់ ជួនណារ៉ុន បានសម្ដែងការកោតសរសើរចំពោះ ស្ថាប័នទាំង៣ ដែលរួមគ្នាជួយដល់កុមារក្រីក្រកម្ពុជា ធ្វើឲ្យពួកគេបានលេងកីឡា ទទួលបាននូវសុខភាពរឹងមាំ ក្រៅពីការសិក្សាទៀតផង។ លោកបន្ថែមថា សាលាសង្គមកីឡា និងទីលាន Futsal នេះ គីជាការរួមចំណែក ជួយជម្រុញវិស័យកីឡាបាល់ទាត់កម្ពុជា មានរីកចម្រើននាពេលខាងមុខផងដែរ៕