អត្តពលិកពិការចំនួន១០១នាក់ដឹកនាំដោយលោក យី វាសនា នាយបេសកកម្ម និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានចាកចេញពីមាតុភូមិរបស់ខ្លួន កាលពីថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញ ដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា Asian Para Games លើកទី៩ នៅប្រទេសម៉ាឡេស៊ី ។

លោក យី សុភក្រ្កា មន្រ្តីសម្របសម្រួលរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកបានឲ្យដឹងថា ប្រភេទកីឡាដែលបានទៅចូលរួមប្រកួតឆ្នាំនេះមានចំនួន១០ប្រភេទកីឡា ក្នុងនោះមានកីឡា អត្តពលកម្ម បាញ់ធ្នូ ប៊ូខ្យែ បាល់បោះជនពិការភ្នែក លើកទម្ងន់ បាល់ទះអង្គុយ ហែលទឹក វាយកូនឃ្លីលើតុ ថេនភីនប៊ូលីង និងបាល់ទាត់ជនពិការចលករខួរក្បាល។ កីឡាអាស៊ានប៉ារ៉ាហ្គេម នឹងត្រូវចាប់ដំណើរការប្រកួតពីថៃ្ងទី១៧ ដល់ថៃ្ងទី២៣ ខែកញ្ញា ឆ្នាំ២០១៧។ លោកបន្តទៀតថា កាលពីឆ្នាំ២០១៥កន្លងទៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៨ នៅប្រទេសសឹង្ហបុរី កម្ពុជាបានបញ្ជូនត្រឹមតែ៣ប្រភេទកីឡាតែប៉ណ្ណោះ ប៉ុន្តែឆ្នាំ២០១៧នេះប៉ារ៉ាឡាំពិកកម្ពុជាបានបន្ថែមចំនួន៧ប្រភេទកីឡាទៀត ដើម្បីឲ្យប្រភេទកីឡាថ្មីទាំងនេះទទួលបានបទពិសោធន៍ពីការប្រកួត ក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ។

នៅក្នុងចំណោមប្រភេទកីឡាទាំង១០ ដែលប៉ារ៉ាឡាំពិកកម្ពុជាបានបញ្ជូនទៅនេះ កីឡាដែលមានរំពឹងខ្ពស់ក្នុងការដណ្តើមយកមេដាយបាននោះ គឺកីឡាអត្តពលកម្ម វាយកូនឃ្លីលើត ហែលទឹក ព្រោះកីឡាទាំង៣ប្រភេទនេះជាកីឡាដែលមានកីឡាករឆ្នើមល្អៗ ទើបទទួលបានមេដាយពីប្រទេសកូរ៉េថ្មីៗនេះ។

ចំណែកឯ លោក យី វាសនា នាយបេសកកម្ម ដែលកកំពុងស្ថិតនៅប្រទេសម៉ាឡេស៊ីនោះបានឲ្យដឹងតាមរយៈសារអេឡិចត្រូនិចថា ការទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានជនពិការ រៀងរាល់២ឆ្នាំម្តង ដូចស៊ីហ្គេមដែរនេះ គឺសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានជួយឧបត្ថម្ភជាថវិកា សម្រាប់ការស្នាក់នៅ អាហារ សំបុត្រយន្តហោះ ថ្លៃចុះឈ្មោះសុំសិទិ្ធប្រកួត និងការចំណាយរដ្ឋបាលផ្សេងទៀតៗ សម្រាប់ក្រុមប្រតិភូកីឡាទាំងអស់៕