នណារ​មិន​ស្គាល់ ! នណារ​មិន​ល្បី! ម្ចាស់មេដាយ​មាស​ប្រភេទ​ទម្ងន់​៦៣.៥ គីឡូក្រាម ឃឹម ឌីម៉ា បាន​យក​ឈ្នះ​លើ​កីឡាករ​របស់​ថៃ Chonlawit Preedasak ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ពិន្ទុ ក្រោយ​បាន​បំបាក់​កីឡាករ​Ryan Jakiri របស់​ហ្វីលីពីន ឱ្យ​ដួល​ទៅ​នឹង​សង្វៀន​ប្រកួត​ងើប​​តដៃ​លែង​រួច​​​កាល​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើកទី២៩ (Sea Games 29th) នៅ​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ​២០១៧ កាល​ពី​ពេល​ថ្មីៗ។

 

តាម​ពិត​! ​ផ្តួល​កីឡាករមក​ពី​ស្រុក​​ថៃ ស្ទើ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ ឃឹម ឌីម៉ា ដែល​គេ​ស្គាល់​ថា​មាន​ឈ្មោះ​នៅ​ក្នុង​កងរាជអាវុធហត្ថលើផ្ទៃប្រទេស (PM) ប៉ុន្តែ​​កីឡាករ Chonlawit Preedasak មិន​មែន​ជា​កីឡាករ​ថៃ ដើរ​ប្រកួត​ស៊ីលុយ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​នៅ​ស្រុក​ខ្មែរ​នោះ​ទេ តែ​គេ​ជា​អ្នក​លេង​ក្បាច់​ពិសេស​ដែល​ ឃឹម ឌីម៉ា ឈ្នះ​តែ​១ពិន្ទុ​ប៉ុណ្ណោះ​ពោល​គឺ​​ពិន្ទុ​សរុប ២៩ទល់២៨ លើស​ង្វៀន MiTEC ក្រុង​កូ​ឡា​ឡាំ​ពួរ​។
 

 

មួយ​ដៃ​កណ្តាល​មុខ​នៅ​ចុង​ទឹក​ចុងក្រោយ​របស់​ ឃឹម ឌីម៉ា លើ​កីឡាករ Chonlawit Preedasak បាន​ធ្វើ​ឱ្យ​កេរ្តិ៍​ដួនតា​ចារ​ឈ្មោះ​ជា​លើក​ដំបូង​ក្នុង​នាម​ជា​ម្ចាស់​មេដាយ​មាស ប្រចាំ​ស៊ីហ្គេម អាច​ថា​នេះ​ជា​កណ្តាប់ដៃ​ដែល​ធ្វើ​ឱ្យរូប​គេ​មាន​ប្រៀប​ទៅ​លើ​គូប្រកួត។ សូមទស្សនា​វីដេអូប្រកួតខាងក្រោម​ឡើង​វិញ៖

 

[youtube id=”35p2x0NFHts”]

 

លោក ​ឈិត​ សារឹម​ គ្រូ​បង្វឹក​ជម្រើសជាតិ​ប្រដាល់​គុនខ្មែរ ធ្លាប់​បាន​លើក​ឡើង​ពី​ចំណុច​ខ្វះខាត​មួយ​ចំនួន​របស់​ ឃឹម ឌីម៉ា ថាគេ​មាន​ទំលាប់​មួយ​គឺ​​មិនព្រម​វាយគូ​ប្រកួត​មុន​នោះ​ទេ​ ដោយ​រង់ចាំ​ឱ្យ​គេវាយ​​សិន​ទើប​តដៃ​វិញ។ មិនតែ​ប៉ុណ្ណោះ​ទំលាប់​អាក្រក់​​មួយ​ទៀត​គឺ ឌីម៉ា ពេល​វាយ​ឬ​ទាត់​គូ​ប្រកួត​​គេ​​ច្រើន​តែ​ជ្រុល​​មិន​មាន​ជំហរ​សម្រាប់​ការពារ​ខ្លួន​​បាន។ លោក​ថា​នៅ​ថ្ងៃ​ខាង​មុខ​ប្រសិន​បើ ឌីម៉ា អាច​កែប្រែ​ចំណុច​ដែល​កក្តា​កេងចំណេញ​នេះ​បាន​គឺ​កាន់​តែ​ខ្លាំង​ជាង​នេះ។
 

 
ក្រោយ​ត្រឡប់​មក​ដល់​មាតុភូមិ​វិញ​ម្ចាស់​មេដាយ​មាស​រូប​នេះ​បាន​លើក​ឡើង​ថា៖«ខ្ញុំ​សូម​អរគុណ​ដល់​ប្អូន​ប្រជាពរដ្ឋ​ខ្មែរ​ទាំង​អស់​ដែល​បាន​គាំទ្រ​រូបខ្ញុំ​ ហើយ​ដោយ​សារ​តែមា​ន​ការ​គាំទ្រ​របស់​បងប្អូន​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​តស៊ូ​រហូត​ទទួល​បាន​ជ័យជម្នះ។ ​ ចំពោះ​ការ​ឈ្នះ​មេដាយមាស​មួយ​នេះ​គឺ​មិនមែន​សម្រាប់​តែ​ខ្ញុំ​ម្នាក់​ឯងទេ​​ តែ​វា​ជា​របស់​បងប្អូន​ប្រជាជន​ខ្មែរ​យើង​ទាំង​អស់​គ្នា​ផង​ដែរ»៕