ការប្រកួតប្រណាំងម៉ូតូជើងឯកពិភពលោក MotoGP នឹងបង្ហាញខ្លួននៅលើទឹកដីនៃប្រទេសថៃ នាខែតុលា ឆ្នាំ២០១៨ខាងមុខនេះ  នេះបើតាមការអោយដឹងពីអាជ្ញាធរកីឡាថៃ។

អាជ្ញាធរកីឡាថៃ  (SAT)  បានប្រកាសជាផ្លូវការអំពីការចុះកិច្ចសន្យាជាមួយ ស្ថាបនិក MotoGP ក្នុងការយកទីតាំងប្រកួតនៅប្រទេសថៃ នាខេត្ត Buriram ក្នុងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំក្រោយទៅ។

ការប្រណាំងដែលធ្វើឡើងនៅប្រទេសថៃនេះ នឹងស្ថិតក្នុងដំណាក់កាលចុងក្រោយ ( ដំណាក់កាលទី១៩ ) ក្នុងការប្រកួតចំនួន១៩ដំណាក់កាលដើម្បីស្វែងរកម្ចាស់ជើងឯក ដែលគ្រោងនឹងធ្វើនៅដើមសប្ដាហ៍នៃខែតុលា ឆ្នាំ២០១៨។

ការប្រកួតនេះនឹងប្រើប្រាស់ទីលានប្រណាំងដែលមានឈ្មោះថា Chang International Circuit នៅក្នុងខេត្ត Buriram ដែលជាទីលានរបស់ លោក  Newin Chidchob ម្ចាស់ក្លិបបាល់ទាត់ Buriram united ផងដែរ ដោយចំណាយអស់ទឹកប្រាក់ប្រមាណ ៥៨,៩ លានដូល្លារអាមេរិក។

គួរបញ្ជាក់ថា យ៉ាងណាមិញការប្រណាំងម៉ូតូ ពិភពលោកនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណាក់កាលទី១២ ខណៈដែរកីឡាករដែលកំពុងនាំមុខគឺជាកីឡាករសញ្ជាតិអ៊ីតាលី Andrea Dovizioso ស្របពេលដែលកីឡាករដែលអ្នកគាំទ្រមួយចំនួនធ្លាប់បានលឺ និងស្គាល់គឺកីឡាករ Valentino Rossi កំពុងឈរនៅលេខ៤ ដោយនៅសល់៦ដំណាក់កាលទៀតទើបការប្រកួតបញ្ចប់ជាផ្លូវការ៕

 

ចូលអាន: ថៃ ទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតប្រណាំងម៉ូតូ MOTOGP នៅឆ្នាំក្រោយនេះ

 

រូបភាព: MotoGP