អគ្គនាយកស្ថានីយទូរទស្សន៍ RTM ( Radio Televisyen Malaysia ) បានសម្ដែងការសុំទោសចំពោះ ការដាក់ទង់ជាតិប្រទេសខុស ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017។
យោងទៅតាមសម្ដីរបស់អគ្គនាយកទូរទស្សន៍នេះផ្ទាល់ កំហុសកើតឡើងដោយសារការបន្ទាន់សម័យកាល ( Update ) ចំនួនមេដាយ គឺមានការផ្លាស់ប្ដូរឥតឈប់ឈរ និងលឿនលើសពីការរំបឹងទុក។
«យើងនឹងចាត់វិធានការដើម្បីទប់ស្កាត់អ្វីដែលស្រដៀងគ្នាពីការកើតឡើងម្តងទៀត»។ សម្ដីបន្ថែមរបស់លោក ថ្លែងប្រាប់ thestar។
ទង់ជាតិចំនួន ៨ ក្នុងចំណោមប្រទេសចំនួន១១ ដែលរួមមានប្រទេសវៀតណាម សិង្ហបុរី ថៃ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន កម្ពុជា និងឡាវ ត្រូវបានដាក់ខុសនៅក្នុងព្រឹត្តិការណ៍ជាច្រើនកាលពីថ្ងៃសុក្រកន្លងទៅ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលពិធីបើកការប្រកួតកីឡា SEA Games កាលពីចុងសប្តាហ៍កន្លងទៅ ទង់ជាតិឥណ្ឌូណេស៊ី ក៏បានដាក់បញ្ច្រាស់នៅក្នុងកូនសៀវភៅវត្ថុអនុស្សាវរីយ៍ជាផ្លូវការ និងដោយជំរុញឱ្យរដ្ឋមន្ត្រីកីឡាឥណ្ឌូណេស៊ី លោក Imam Nahrawi ធ្វើការបង្ហោះក្នុងន័យខកចិត្តនៅលើ Twitter របស់ខ្លួនផ្ទាល់៕
រូបភាព: Twitter