តារាបាល់ទាត់របស់ក្រុម Athletico Madrid កីឡាករ Antoine Griezmann នៅតែមានព័ត៌មានផ្ទេរមកលេងនៅ Manchester United ក្នុងពេលឆាប់ៗនេះ បើតាមប្រភពមកពីប្រទេសអេស្ប៉ាញ។
ម្ចាស់គ្រង់ដំណែងជើងឯក Europa League និង EPL Cup បានកំណត់អត្តសញ្ញាណ Griezmann ជាគោលដៅទីមួយ សម្រាប់រដូវដោះដូរកីឡាករឆ្នាំនេះ ប៉ុន្តែAt. Madrid នៅជាប់ក្នុងការដាក់ពិន័យមិនឲ្យទិញកីឡាករចូល ខ្សែប្រយុទ្ធជម្រើសជាតិបារាំងសម្រេចចិត្តបន្តនៅជាមួយក្លឹបមានមូលដ្ឋាននាទីក្រុង Madrid។
គ្រូបង្វឹកក្រុមបិសាចក្រហម លោក Jose Mourinho នៅតែមានចំណាប់អារម្មណ៍ចង់ចុះកុងត្រាយក Griezmann ហើយបើតាមលោក Guillem Balague អ្នកកាសែតអេស្ប៉ាញ បាននិយាយថាសូម្បីតែសាមីខ្លួនកីឡាករផ្ទាល់ ក៏ចង់មកលេងនៅ Old Trafford ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះដែរ។ ចំណែកកាសែត The Sun របស់អង់គ្លេសបានបញ្ជាក់ថា Manchester United បានរៀបចំយុទ្ធសាស្ត្រ នាំយកកីឡាករវ័យ២៦ឆ្នាំមក Old trafford នៅរដូវកាលក្រោយ ខណៈសំណើដែលដាក់ទៅក្លឹបយក្សនៅ La Liga មួយនេះកាលពីមុន ត្រូវបានទុកជាមោឃៈទៅហើយនោះ។
កាលពីដើមឆ្នាំនេះ អតីតខ្សែប្រយុទ្ធ Real Sociedad ទទួលបានប្រាក់ឈ្នួលឡើងខ្ពស់បន្ថែម លើប្រាក់ឈ្នួលចាស់គឺពី 150,000ផោនដល់ទៅ 235,000ផោន ក្នុងមួយសប្ដាហ៍ជាមួយនឹងតម្លៃផ្ដាច់កុងត្រា៨៨.២លានផោន៕