យ៉ាងហោចណាស់មានជនជាតិបរទេសជាង៤០០ មកពីប្រទេសចំនួន១០ត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី ដោយក្រុមមន្រ្តីបានពណ៌នាថាអាចជាភេរវករ ដែលគ្រោងធ្វើអំពើភេរវកម្មមុនការប្រកួតប្រជែងកីឡាក្នុងតំបន់ SEA Games ដែលគ្រោងប្រកួតនៅខែនេះ។

មន្ត្រីប៉ូលីសជាន់ខ្ពស់ម៉ាឡេស៊ីមួយរូបបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់ខ្លួន ថាបន្ទាប់ពីការប្រតិបត្តិការដ៏ធំមួយកាលពីថ្ងៃអាទិត្យ នៅទីក្រុងគូឡាឡាំពួ ប៉ូលីសបានឃាត់ខ្លួនមនុស្សចំនួន ៤០៩ នាក់ ប៉ុន្តែបានដោះលែង ២៧៥ នាក់វិញ និងឃុំឃាំង ១៣៣ នាក់ដោយសារមានការសង្ស័យពីការរំលោភអន្តោប្រវេសន៍។

យ៉ាងណាមិញមនុស្សជាច្រើននៅតែត្រូវបានគេឃុំខ្លួនដោយសារតែការរំលោភអន្តោប្រវេសន៍ ប៉ុន្តែប៉ូលិសនិយាយថាគ្មានជនសង្ស័យណាម្នាក់មានទំនាក់ទំនងជាមួយភេរវកម្មទេ។

ជនបរទេសទាំងនោះគឺជាពលករដែលមកពីប្រទេសដូចជា បង់ក្លាដេស, ឥណ្ឌា, ប៉ាគីស្ថាន, នេប៉ាល, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, អូម៉ង, យេម៉េន, អ៊ូប៊េគីស្ថាន, ថៃ, នីហ្សេរីយ៉ា និងស្រីលង្ការ។

ការប្រកួតព្រឹត្តិការណ៍កីឡា SEA Games គ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី១៩ ខែសីហា ជាមយយនឹងអត្តពលិករាប់ពាន់នាក់ រួមជាមួយអ្នកគាំទ្រប្រមាណ ១ ម៊ឺននាក់ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។

គួរបញ្ជាក់ថា នាមជាម្ចាស់ផ្ទះ ម៉ាឡេស៊ី បានត្រៀមកងកម្លាំងប្រមាណ ១២,០០០ នាក់ត្រូវបានត្រៀមដើម្បីការពារនៅក្នុងព្រឹត្តិការណ៍នេះ ជាមួយនឹងការដាក់ពង្រាយនៅទីតាំងផ្សេងៗ ដូចជាសណ្ឋាគារ និងកន្លែងដែលត្រូវបានទៅទស្សនាដោយអត្តពលិកនិងមន្រ្តីនានាក្នុងកំឡុងពេលប្រកួត។

 

រូបភាព: justreadonline