អត្តពលិកដែលបានសាងស្នាដៃធំជូនជាតិ ៣រូប នឹងត្រូវតំណាងកីឡាករម៉ាឡេស៊ីទាំងអស់ ក្នុងកាន់ទង់តំណាងជាតិម៉ាឡេស៊ី សម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡា SEA Games 2017 ដែលខ្លួនធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី១៩ ខែសីហា នាកីឡដ្ឋានជាតិ Bukit Jali។

យោងតាមការប្រកាសរបស់ក្រសួងយុវជន និងកីឡាម៉ាឡេស៊ី អត្តពលិកទាំង៣រូបនោះរួមមាន កីឡាករប្រណាំងកង់ក្នុងសាល Azizulhasni Awang, កីឡាការិនីហែលទឹក Cheong Jun Hoong និងកីឡាករ Mohd Al-Jufferi Jamari ដែលជាកីឡាករក្បាច់គុណបុរាណម៉ាឡេ-ឥណ្ឌូ ( Pencak Silat ) អ្នកទាំង៣នឹងត្រូវកាន់ទង់ជាតិនៅថ្ងៃទី១៩ ខែសីហា ខាងមុខនេះ។

មូលហេតុដែលនាំអោយក្រសួងយុវជន និងកីឡាម៉ាឡេស៊ី សម្រេចអោយកីឡាករទាំង៣នាក់នេះកាន់ទង់ ដោយសារកីឡាករទាំង៣បានសាងស្នាដៃធំជូនជាតិ ដូចជា៖

កីឡាករ Azizulhasni Awang: កីឡាកររូបនេះគឺជាកីឡាករប្រណាំងកង់ក្នុងសាល ស្នាដៃដ៏ធំរបស់កីឡាកររូបនេះ គឺបានឈ្នះជើងឯកប្រណាំងកង់ក្នុងសាលពិភពលោក ( 2017 UCI Track Cycling World Championships ) លើវិញ្ញាសារការប្រណាំងដោយម៉ូតូនាំមុខ keirin កាលពីខែមេសា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេហនៅទីក្រុងហុងកុង។

កីឡាការិនី Cheong Jun Hoong: គឺជាកីឡាការិនីហែលទឹក បានឈ្នះជើងឯកនៅក្នុងព្រឹត្តិការណ៍ក្នុងទឹកពិភពលោក ( 2017 World Aquatics Championships ) នៅទីក្រុង Budapest ប្រទេសហុងគ្រី លើប្រភេទកីឡាលោតទឹក ផ្នែកនារី វិញ្ញាសារឯកត្តជន កម្ពស់១០ម៉ែត្រ ដោយធ្វើបានពិន្ទុ៣៩៧,៥០ លើកីឡាការិនីចំនួន១២រូបផ្សេងទៀតដែលចូលរួមលើវិញ្ញាសារនេះ។

កីឡាករ Mohd Al-Jufferi Jamari: គឺជាកីឡាករក្បាច់គុណបុរាណម៉ាឡេ-ឥណ្ឌូ ( Pencak Silat ) គឺជាកីឡាករដែលឈ្នះការប្រកួតកម្រិតពិភពលោកដូចគ្នានៅក្នុងព្រឹត្តិការណ៍ World Silat Championships ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំទៅ។

 

គួរបញ្ជាក់ជាថ្មីថា សម្រាប់ឆ្នាំ២០១៧នេះ ម៉ាឡេស៊ី បានទទួលសិទ្ទធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games 2017 លើកទី២៩ ដោយគ្រោងនឹងចាប់ផ្ដើមធ្វើពិធីបើកនៅថ្ងៃទី១៩ និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែសីហា ផងដែរ៕

 

 

រូបភាព: insidethegames / zimbio / hmetro.