សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) បានចេញនូវសេចក្តីសម្រេចដោយអនុញ្ញាតិ ម៉ាឡេស៊ី ជាមួយ ឥណ្ឌូនេស៊ី ធ្វើម្ចាស់ផ្ទះនៃពានរង្វាន់បាល់ទាត់យុវជនប្រចាំទ្វីបអាស៊ី ក្រោមអាយុ ១៦ឆ្នាំ និង ១៩ឆ្នាំ នៅឆ្នាំ២០១៨ខាងមុខនេះ ។

យោងតាមសេចក្តីសម្រេចបានបង្ហាញថា ការប្រកួតពានរង្វាន់ AFC U-19 CHAMPIONSHIP 2018 គឺត្រូវផ្តល់សិទ្ធអោយទៅប្រទេសឥណ្ឌូនេស៊ី ជាអ្នកទទួលធ្វើជាម្ចាស់ផ្ទះ ស្របពេលដែលម៉ាឡេស៊ី នឹងទទួលធ្វើជាម្ចាស់ផ្ទះពានរង្វាន់ AFC U-16 CHAMPIONSHIP 2018។

យ៉ាងណាមិញនៅមុនការប្រកួតពានរង្វាន់សំខាន់ទាំងពីរ ចូលមកដល់ ក្រុមទាំងអស់ក្នុងតំបន់អាស៊ី ត្រូវធ្វើការប្រកួតវគ្គជម្រុះពូលនិមួៗជាមុនសិន ដើម្បីស្វែងរកក្រុមខ្លាំងទាំង១៦ ឡើងទៅប្រកួតនៅជុំចុងក្រោយ ដែលមានប្រទេសពីរខាងលើធ្វើម្ចាស់ផ្ទះ ( ម្ចាស់ផ្ទះមានសិទ្ធិឡើងដោយស្វ័យប្រវត្តិ ) ។

កម្មវិធីប្រកួតនៅក្នុងវគ្គជម្រុះ AFC U-19 CHAMPIONSHIP:

នៅក្នុងវគ្គជម្រុះនេះ ក្រុមដែលមានសិទ្ធិឡើងទៅជុំចុងក្រោយ គឺជាក្រុមដែលឈរនៅលេខរៀងទី១ ក្នុងពូលទាំង១០ បូករួមក្រុមលេខ២ល្អ ទាំង៥​ ដែលនឹងធ្វើការប្រកួតនៅប្រទេសឥណ្ដូនេស៊ី ពីថ្ងៃទី០៨ ខែតុលា រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

កម្មវិធីប្រកួតនៅក្នុងវគ្គជម្រុះ AFC U-16 CHAMPIONSHIP:

សម្រាប់ពានរង្វាន់ U-16 ក៏មិនខុសគ្នាពី  U-19 ដែរ ដោយនៅក្នុងវគ្គជម្រុះនេះ ក្រុមដែលមានសិទ្ធិឡើងទៅជុំចុងក្រោយ គឺជាក្រុមដែលឈរនៅលេខរៀងទី១ ក្នុងពូលទាំង១០ បូករួមក្រុមលេខ២ល្អ ទាំង៥​ ដែលនឹងធ្វើការប្រកួតនៅប្រទេសម៉ាឡេស៊ី ដោយគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨៕

 

រូបភាព: The AFC