ព្រឹត្តិការណ៍ប្រកួតដាល់សកល និងគុនខ្មែរ ជ្រើសរើសជើងឯករាជធានីភ្នំពេញលើកទី១ ប្រចាំឆ្នាំ២០១៧ មានកីឡាករចូលរួមចំនួន ៤៧នាក់ មកពីបណ្តាក្លឹបនានា ប្រកួតប្រជែងគ្នាដណ្តើមម្ចាស់ជើងឯក បានដំណើរកាលពីល្ងាចម្សិលមិញ និងគ្រោងបញ្ចប់នាថ្ងៃទី២៨ កក្កដា ខាងមុខ នៅសង្វៀន ស្តាតចាស់។
យោងតាមរបាយការណ៍របស់មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះបានឲ្យដឹងថា ចំពោះកីឡាករ ដែលចុះឈ្មោះចូលរួមច្រើនជាង៨០នាក តែនៅពេលថ្លឹងគីឡូ គឺខុសប្រភេទទម្ងន់គ្នាច្រើន ក្នុងការផ្គូផ្គងដើម្បីប្រកួត ដូច្នេះហើយកីឡាករ ដែលអាចអនុញ្ញាតឲ្យចូលរួមប្រកួត គឺមានតែ៤៧នាក់ប៉ុណ្ណោះ។ សម្រាប់កីឡាករទាំង ៤៧នាក់នេះ មាន៣១នាក់ ដែលត្រូវប្រកួតក្នុងប្រភេទប្រដាល់គុនខ្មែរ និង១៦នាក់ផ្សេងទៀតត្រូវប្រកួតក្នុងប្រភេទកីឡាប្រដាល់ សកល ដែលប្រភេទប្រដាល់គុនខ្មែរ មានប្រភេទទម្ងន់ជាច្រើន ដូចជា ទម្ងន់៦៧គីឡូក្រាម, ៧១គីឡូក្រាម, ៥៤គីឡូក្រាម, ៥៧គីឡូក្រាម, ៦០គីឡូក្រាម, ៦៣,៥ គីឡូក្រាម ខណៈប្រដាល់សកល មានទម្ងន់៤៥គីឡូក្រាម, ៥៦គីឡូក្រាម។
ចំពោះលទ្ធផលខ្លះៗនៃការប្រកួតវគ្គជម្រុះ ថ្ងៃបើកឆាកម្សិលមិញ លើប្រភេទប្រដាល់គុនខ្មែរ លើប្រភេទទម្ងន់ ៦៧គីឡូក្រាមនោះ គឺកីឡាករ ឡុង វ៉ៃ បានយកឈ្នះកីឡាករ កែវ សំរិទ្ធ, កីឡាករ យ៉ាម មករា ឈ្នះ យ៉ាម វ៉ាន់ណេត, កីឡាករ ភុន សោភ័ណ្ឌ ឈ្នះកីឡាករ ភួង ណាំហេង និងមានជាច្រើនប្រកួតទៀត ដោយភាគច្រើន កីឡាករ ដែលឈ្នះនោះបានវ៉ៃឲ្យគូប្រកួតសន្លប់ នៅទឹកទី១ និងទឹកទី២ ខណៈប្រកួតខ្លះៗទៀត ត្រូវបានអាជ្ញាកណ្តាល បញ្ឈប់ឲ្យការប្រកួតនៅទឹកទី២ ដោយសារគូប្រកួតម្ខាងទៀត ទ្រុឌទ្រោមថាមពលកម្លាំងខ្លាំងពេក៕