កីឡាការិនី Cheong Jun Hoong បានក្លាយជាកីឡាការិនីប្រវត្តិសាស្រ្តរបស់ម៉ាឡេស៊ី ក្នុងការឈ្នះមេដាយមាសពីព្រឹត្តិការណ៍ពិភពលោក 2017 World Aquatics Championships នៅទីក្រុង Budapest ប្រទេសហុងគ្រី លើកដំបូងចាប់តាំងចូលរួមព្រឹត្តិការណ៍នេះ។
Cheong Jun Hoong បានឈ្នះមេដាយនៅក្នុងព្រឹត្តិការណ៍នេះលើប្រភេទកីឡាលោតទឹក ផ្នែកនារី វិញ្ញាសារឯកត្តជន កម្ពស់១០ម៉ែត្រ ដោយធ្វើបានពិន្ទុ៣៩៧,៥០ លើកីឡាការិនីចំនួន១២រូបផ្សេងទៀតដែលចូលរួមលើវិញ្ញាសារនេះ។
លទ្ធផលសរុបលើប្រភេទកីឡាលោតទឹក ផ្នែកនារី វិញ្ញាសារឯកត្តជន កម្ពស់១០ម៉ែត្រ:
យ៉ាងណាមិញក្រៅតែកីឡាការិនី Cheong Jun Hoong អត្តពលិកមកពីប្រទេសម៉ាឡេស៊ីក៏ធ្លាប់ឈ្នះមេដាយចំនួន៤ផ្សេងទៀតផងដែរពីព្រឹត្តិការណ៍ ពោលគឺមេដាយសំរឹទ្ធទាំង៤ ខណៈនៅក្នុងតំបន់អាស៊ាននេះ មានតែម៉ាឡេស៊ី មួយគត់គឺជាក្រុមដែឡជោគជ័យជាងគេនៅក្នុងកីឡានេះ តាមពីក្រោយដោយសិង្ហបុរី ដែលធ្លាប់ឈ្នះមេដាយសំរឹទ្ធម្ដងផងដែរ។
គួររំលឹកថា ព្រឹត្តិការណ៍កីឡាក្នុងទឹក 2017 World Aquatics Championships ដែលធ្វើឡើងនៅប្រទេសហុងគ្រី នេះបានចាប់ផ្ដើមតាំងពីថ្ងៃទី១៤ ខែកក្កដា ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែដដែលនេះ ដោយមានអត្តពលិកមកពីជុំវិញពិភពលោកចូលរួមប្រកួត។
ព្រឹត្រិការណ៍ World Aquatics Championships ធ្វើឡើងនៅរៀងរាល់២ឆ្នាំម្ដង ខណៈមកទល់ពេលនេះគឺជាលើកទី១៧ហើយ ដោយមានការប្រកួតជាមួយនឹងប្រភេទកីឡាក្នុងទឹកចំនួន ៦ រួមមាន កីឡាលោតទឹក, កីឡាលោតទឹកកម្ពស់ខ្ពស់, កីឡាហែលទឹកចម្ងាយឆ្ងាយ, កីឡាហែលទឹកក្នុងអាង, កីឡាសម្ដែងក្នុងទឹក និងកីឡាបាល់គប់ក្នុងទឹក៕
រូបភាព: insidethegames