ព្រឹត្តិការណ៍កីឡា និងទេសចរណ៍ រត់ម៉ារ៉ាតុង ចក្រភពអង្គរ លើកទី៤ នៅខេត្តសៀមរាប ដែលប្រព្រឹត្ត ឡើង នៅថ្ងៃអាទិត្យ ទី៦ ខែសីហា ខាងមុខនេះ មានអត្តពលិកជាតិ និងអន្តរជាតិបានចុះឈ្មោះចូលរួមបានជាង២០០០នាក់ហើយ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អន្តរជាតិ នៅថ្ងៃសុក្រព្រឹកមិញនេះ។
លោក សែម ផល្លា នាយកចាត់ការទូទៅនៃព្រឹត្តិការណ៍រត់ម៉ារ៉ាតុងចក្រភពអង្គរ មានប្រសាសន៍ថា គិតមកដល់ត្រឹមថ្ងៃសុក្រនេះ អ្នកចុះឈ្មោះចូលរួមបានជាង២០០០នាក់ហើយ ខណៈការរំពឹងទុកសម្រាប់ឆ្នាំ២០១៧នេះនឹងបានកើនឡើងលើសពីឆ្នាំមុន។ លោក សែម ផល្លា នាយកក្រុមហ៊ុន Cambodia Events Organizer ដែលសមាជិកក្នុងគណៈកម្មការទទួលចុះឈ្មោះអត្តពលិកបានបញ្ជាក់ថា ឆ្នាំនេះលោករំពឹងថានឹងមានចំនួនអ្នកចូលរួមរត់កាន់តែកើនឡើងជាងឆ្នាំ២០១៦ កន្លងទៅ ដែលមានចំនួន២៨០០នាក់ ក្នុងនោះមានជនបរទេសចំនួន ១៤៥០នាក់ មកពី៤៨ប្រទេស ដោយអ្នករត់មកពីប្រទេសចិនច្រើនជាងគេ ឈរនៅលំដាប់ថ្នាក់ទី១ ជប៉ុនទី២ និង កោះតៃវ៉ាន់ ទី៣ និងអ្នករត់កម្ពុជាមានចំនួន ១,៣៥០នាក់ កើនឡើង១០% ធៀបនឹងឆ្នាំ២០១៥។ លោកអះអាងថា ការកើនឡើងនៃអ្នករត់នេះ គឺដោយសារវាទិវារត់ប្រណាំងអន្តរជាតិ ដោយភ្ញៀវទេសចរណ៍បានមកកម្សាន្តនៅកម្ពុជា ជាពិសេសគឺតំបន់អង្គរ ផង និងបានលេងកីឡាដើម្បីសុខភាពផង ហើយថែមទាំងបានរួមចំណែកក្នុងកិច្ចការសង្គម និងមនុស្សធម៌ផងដែរ ដោយថវិកានានា ដែលបានពីការចុះឈ្មោះនេះ មួយចំណែកធំនឹងបរិច្ចាគទៅកាន់ផ្នែកមនុស្សធម៌។ ម្យ៉ាងវិញ គណៈកម្មការបច្ចេកទេស រួមទាំងអាជ្ញាធរតែងតែខិតខំសម្រួលធ្វើយ៉ាងណាឲ្យទិវាមួយនេះកាន់តែទាក់ទាញ និងតែងតែរក្សាបាននូវសុខសុវត្ថិភាពជូនដល់អ្នកចូលរួមនានា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាបានមានប្រសាសន៍ប្រាប់ គេហទំព័រ ហង្សមាស នៅថ្ងៃសុក្រេនេះដែរថា ព្រឹត្តិការណ៍នេះមានផលប្រយោជន៍ទាំងកីឡា និងទេសចរណ៍ ដែលផ្តល់ឲ្យគ្នាទៅវិញទៅមកមិនអាចខ្វះបាន ក្នុងរដូវធ្លាក់ភ្លៀវនេះ ដោយភ្ញៀវទេសចរមានចំនួនថយចុះ ខណៈរាជរដ្ឋាភិបាលកម្ពុជា គាំទ្រឲ្យមានព្រឹត្តិការណ៍នេះកើតឡើងជារៀងរាល់ឆ្នាំ ដើម្បីទាក់ទាញភ្ញៀវឲ្យបានរាប់ពាន់នាក់បន្ថែមទៀត។ ឯកឧត្តមបន្តថា តាមរយៈព្រឹត្តិការណ៍អន្តរជាតិមួយនេះនឹងបានក្លាយជាប្រយោជន៍ថ្មីមួយបន្ថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងកីឡាករ-កីឡាការិនីនានា ក្នុងការស្វែងរកថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារចំនួន២ នៅខេត្តសៀមរាប និងកាកបាទក្រហមកម្ពុជា ជាពិសេសគឺបានបំផុសស្មារតីដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការការពារបរិស្ថាន និងការពារបេតិកភណ្ឌពិភពលោកទៀតផង។
សូមរំលឹកថា កាលពីឆ្នាំ២០១៦ មានអ្នកចូលរួមរត់ចំនួន ២៨០០នាក់ ដោយក្នុងនោះមានភ្ញៀវទេសចរណ៍ចិនច្រើនជាងគេ ក្នុងចំណោម៤៨ប្រទេស។ តាមរយៈទិវាកីឡានេះជាចំណែកដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦ មានទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួន ២,៤០០,០០០នាក់ កើនឡើង ២.៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥។ រីឯទេសចរអន្តរជាតិមកទស្សនាអង្គរ តាមព្រលានយន្តហោះសៀមរាប មានចំនួន ៦៥៩,៥០៣នាក់ កើនឡើង ២.៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥៕