ក្រុមជម្រើសជាតិក្រូអាតបានបញ្ជូនខ្សែប្រយុទ្ធ Nikola Kalinic ត្រលប់មកផ្ទះវិញ ក្រោយពីកីឡាកររូបនេះបានបដិសេធក្នុងការប្តូរចូលលេងនៅថ្ងៃបើកឆាកព្រឹត្តិការណ៍ FIFA World Cup ពេលដែលយកឈ្នះនីហ្សរីយ៉ា២ទល់នឹង០។ ដូចនេះមានន័យថា ក្រុមក្រឡាអុកនៅសល់ខ្សែប្រយុទ្ធតែមួយរូបគត់គឺ Mario Manzdukic។
កីឡាករវ័យ៣០ឆ្នាំស្ថិតនៅលើកៅអីកីឡាករបម្រុង៤ប្រកួតជាប់ៗគ្នាមកហើយ ដោយគេបានអះអាងថា មិនអាចលេងបានដោយសាររបួសខ្នង។ ដោយឡែកគ្រូបង្គោលក្រុមជម្រើសជាតិ លោក Zlatko Dalic បានកត់សម្គាល់ថា សមាជិករបស់ Fiorentina ខាងលើក៏និយាយបែបនេះផងដែរនាជំនួបមិត្តភាពជាមួយប្រេស៊ីល។
គួររលឹកផងដែរថា Kalinic បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ៤១លើក និងស៊ុតបញ្ចូលទីចំនួន១៥គ្រាប់ ខណៈនាពេលថ្មីៗនេះរូបគេត្រូវបានតភ្ជាប់ក្នុងការផ្ទេរទៅកាន់ Sevilla នៅលីគកំពូលរបស់អេស្ប៉ាញផងដែរ។