អាហ្សង់ទីន នៅថ្ងៃអង្គារម្សិលមិញ បានប្រកាសលុបចោលការប្រកួតមិត្តភាពជាមួយអ៊ីស្រាអែល ដែលជាការប្រកួតសមជើងចុងក្រោយ ត្រៀមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup។ ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain បាននិយាយនៅថ្ងៃអង្គារថា ការប្រកាសលុបចោលនេះ ដោយសារតែសម្ពាធនយោបាយ ដែលកាន់តែរីកដុះដាល មុនពេលការប្រកួតនៅថ្ងៃសៅរ៍ ដែលគ្រោងធ្វើឡើងនៅទីក្រុងហេ្សរុយសាឡឹមចូលមកដល់។
ជុំវិញការប្រកាសលុបចោលនេះ ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា និងក្នុងទីក្រុង Rramallah នៃតំបន់ West Bank បានធ្វើពិធីអបអរសាទរ និងអរគុណ ដល់កីឡាករ Messi និងក្រុមជម្រើសជាតិអាហ្សង់ទីនទាំងអស់ ចំពោះការសម្រេចចិត្តនេះ។