កាលថ្ងៃអង្គារ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើដំណើរទៅសួរសុខទុក្ខ ក្រុមបាល់ទាត់ជម្រើសជាតិ ដល់ជម្រុំហ្វឹកហាត់ នាតំបន់ Clairefontaine ប្រទេសបារាំង ដើម្បីជាការលើកទឹកចិត្ត មុនពួកគេទៅចូលរួម FIFA World Cup 2018។
នាឱកាសនោះ បុរសវ័យ៤០ឆ្នាំ ថ្លែងថា ខ្លួននឹងទៅទស្សនា រាល់ការប្រកួតដោយផ្ទាល់ រហូតចប់ចុងចប់ដើម ប្រសិនបើបារាំងអាចឡើងដល់វគ្គ៨ក្រុមចុងក្រោយ។
ក្រុមជើងឯកពិភពលោក ឆ្នាំ១៩៩៨ បានផ្គូផ្គងចូលពូល C ដែលមាន អូស្ត្រាលី ប៉េរូ និង ដាណឺម៉ាក។ ដោយឡែក មុនធ្វើដំណើរទៅរុស្ស៊ី, ក្រុមជម្រើសជាតិបារាំង នៅមានជំនួបមិត្តភាពចុងក្រោយ ជាមួយសហរដ្ឋអាមេរិក នាថ្ងៃទី៩ ខែមិថុនា ខាងមុខនេះ៕