លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានទៅសួរសុខទុក្ខក្រុមបាល់ទាត់ជាតិនៅជំរុំហ្វឹកហាត់របស់ពួកគេនៅ Southern Tyrol ក្នុងប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈក្រុមម្ចាស់ជើងឯកពិភពលោកឆ្នាំ២០១៤ទើបតែទទួលបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលពេលប៉ះជាមួយអូទ្រីសក្នុងជំនួបមិត្តភាព។
លោកស្រី Merkel បានធ្វើដំណើរមកដល់សណ្ឋាគារផ្កាយប្រាំដែលមានឈ្មោះថា Weinegg ក្នុងទីក្រុង Eppan ដើម្បីលើកទឹកចិត្តក្រុមការងារដែលបានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅពេលអ្នកស្រីដើរចេញទៅខាងក្រៅដើម្បីជួបពួកគេ។
ការបរាជ័យនៅថ្ងៃសៅរ៍ក្នុងលទ្ធផល២ទល់នឹង១ក្រោមថ្វីជើងក្រុមជម្រើសជាតិអូទ្រីសគឺជាការប្រកួតមិត្តភាពលើកទី៥របស់អាល្លឺម៉ង់ដោយមិនស្គាល់ពាក្យថាឈ្នះសោះ ហើយក៏ជាការបរាជ័យជាលើកដំបូងរបស់ពួកគេជាមួយអូទ្រីសក្នុងរយៈពេល៣២ឆ្នាំចុងក្រោយនេះផងដែរ។
គួរបញ្ជាក់ថា អាល្លឺម៉ង់ ឋិតនៅក្នុងF ដែលមាន ម៉ិចស៊ិចកូ, កូរ៉េខាងត្បូង និង ស៊ុយអែត។