យោងប្រភពសារព័ត៌មាន BBC បានចេញផ្សាយថា ប៉ូលិស​នៅ​តំបន់ Merseyside ក្នុង​ទីក្រុង Liverpool បាន​និយាយ​ថា ការ​គំរាម​សម្លាប់​អាច​នឹង​កើត​មាន​ឡើង​លើ​អ្នក​ចាំទី Loris Karius របស់​ក្លឹប​ហង្សក្រហម ក្រោយ​ Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​ចប់។ ​

មន្ត្រី​ប៉ូលិស​ក៏​បាន​លើក​ដែរ​ថា ចំពោះ​ការ​បញ្ចេញ​សារ​គំរាម​សម្លាប់​ណា​មួយ​មាន​នៅ​លើ​បណ្ដាញ​សង្គម នោះ​នឹង​មាន​ការ​ស៊ើបអង្កេត​ចាប់​ខ្លួន។ កីឡាករ​វ័យ​២៤​ឆ្នាំ​និង​គ្រួសារ​ជា​មុខ​សញ្ញា​នៃ​ការ​គំរាម បន្ទាប់​ពី​អ្នក​ចាំទី​រូប​នេះ​បង្ក​កំហុស​ដល់​ទី​២​ដង ធ្វើ​ឲ្យ​ចាញ់ Real Madrid ៣-១។

ប៉ូលិស​បាន​រំឭក​ទៅ​កាន់​អ្នក​គាំទ្រ​ក៏​ដូច​ជា​ប្រជាជន​ទូទៅ​មិន​ត្រូវ​ធ្វើ​ការ​គំរាម​​​ទៅ​កាន់ Karius តាម​បណ្ដាញ​សង្គម ឬ​ប្រព័ន្ធ​ទំនាក់ទំនង​ណា​មួយ​ឡើយ។ បើ​ហ៊ាន​តែ​ប្រព្រឹត្តិ​នឹង​មាន​ការ​ចាប់​ខ្លួន។ ក្រោយ​បរាជ័យ​កាល​ពី​ចុងសប្ដាហ៍ អ្នក​ចាំទី​សញ្ជាតិ​អាល្លឺម៉ង់​បានសុំទោសទៅ​កាន់​អ្នក​គាំទ្រ Liverpool ចំពោះ​កំហុស​របស់​ខ្លួន៕

​​​