កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Radamel Falcao ត្រូវបានតុលាការអេស្ប៉ាញចោទប្រកាន់ទាក់ទិននឹងរឿងពន្ធ ដោយតុលាការរកឃើញថា កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះបានក្លែងបន្លំក្នុងការធ្វើឯកសារបង់ពន្ធដោយបានធ្វើរបាយការណ៍មិនត្រឹមត្រូវស្ដីពីចំណូល និងឯកសារទាក់ទងនឹងកម្មសិទ្ធិនៃការប្រើប្រាស់រូបភាពរបស់ខ្សែប្រយុទ្ធរូបនេះ ក្នុងអំឡុងពេលគេលេងឲ្យ Atletico Madrid (២០១១-២០១៣)។
តុលាការបានកាត់ទោស Falcao ឲ្យជាប់ពន្ធនាគារចំនួន ១៦ ខែ និងពិន័យជាប្រាក់៨លានផោន (ប្រមាណ ១០ លានដុល្លារសហរដ្ឋអាមេរិក)។ យ៉ាងនេះក្ដី បើតាមច្បាប់អេស្ប៉ាញ ទោសពន្ធនាគារក្រោម ២ ឆ្នាំ អាចព្យួរបានដែលមានន័យថា កីឡាករនឹងមិនជាប់ពន្ធនាគារនោះឡើយ។
គួរបញ្ជាក់ថា Falcao មិនមែនជាកីឡាករទីមួយទេ ដែលត្រូវបានកាត់ទោសដោយតុលាការអេស្ប៉ាញទាក់ទិននឹងរឿងពន្ធ។ ខ្សែប្រយុទ្ធ Lionel Messi, Alexis Sanchez និង ខ្សែការពារ Javier Mascherano សុទ្ធតែត្រូវបានតុលាការរបស់អេស្ប៉ាញកាត់ទោសឲ្យជាប់ពន្ធនាគារ (ប៉ុន្តែត្រូវបានព្យួរ) ដោយត្រូវពិន័យជាប្រាក់ជាច្រើនដើម្បីឲ្យនៅក្រៅឃុំ៕