អ្នកចាត់ការ Jose Mourinho បានបញ្ជាក់ថា អ្នកចាំទីដៃទី១​ David De Gea នឹងបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងឲ្យ Manchester United ក្នុងជំនួបជាមួយ Chelsea ក្នុងពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័តនាកីឡដ្ឋាន Wembley បើទោះបីជាអ្នកចាំទីដៃទី២ Sergio Romero បានបង្ហាញទម្រង់លេងយ៉ាងល្អក្តីនៅក្នុងពានរង្វាន់មួយនេះ។

អ្នកចាំទីសញ្ជាតិអាហ្សង់ទីនបានជាប់ជម្រើស១១នាក់ដំបូងចំនួន៧លើកក្នុងពានរង្វាន់ FA Cup ឲ្យក្រុមរហស្សនាមបិសាចក្រហមនារដូវកាលនេះ មុនពេលដែលរងរបួសជាមួយក្រុមជម្រើសជាតិកាលពីថ្ងៃទី២៧ ខែមិនា ពេលប៉ះជាមួយអេស្ប៉ាញ ដែលជាហេតុធ្វើឲ្យគេអវត្តមានពេលដែល Man UTD យកឈ្នះ Tottenham Hotspur ២-១ កាលពីខែមុន។

នៅពេលដែលអ្នកកាសែតសួរថាតើអ្នកចាំទីរូបណានឹងបង្ហាញខ្លួននៅយប់នេះ គ្រូបង្វឹកព័រទុយហ្គាល់នបានឆ្លើយថា៖ “គឺ De Gea នឹងចូលលេង”។ គេ (Romero) មានរបួសរយៈពេលយូរណាស់មកហើយ, ប្រហែលជាជិត២ខែ។ គេមិនបានបង្ហាញខ្លួនច្រើនលើកមកហើយ ជាពិសេសពេលប៉ះជាមួយ Spur និង ប្រកួតមុនពេលវគ្គផ្តាច់ព្រ័តចូលមកដល់។ គេបានត្រឹមតែហ្វឹកហាត់១សប្តាហ៍មុនពេលប៉ះជាមួយ Watford តែប៉ុណ្ណោះ។”

“នេះគឺជាមូលហេតុ,” បុរសរហស្សនាម The Special One បានបន្ថែម។ “វាមិនមែនរឿងជឿជាក់ឬមិនជឿជាក់នោះទេ ហើយវាក៏មិនមែនជារឿងការទុកចិត្ត លើគេដែរ ព្រោះគេគួរតែមានអារម្មណ៍ជឿជាក់នឹងទុកចិត្តខ្ញុំកាលពីរដូវកាលមុនក្នុងពានរង្វាន់ UEFA Europa League ដែលសំខាន់ជាងពានមួយនេះទៅទៀត។

គួរបញ្ជាក់ថា ក្រុមបិសាច​ក្រហម Manchester United និង ក្រុមតោ​ខៀវ Chelsea នឹងត្រូវតតាំងគ្នាដើម្បី​ដណ្ដើម​ពាន​រង្វាន់ FA Cup នាកីឡដ្ឋាន Wembley នាវេលា​ម៉ោង ១១:១៥ នាទី​យប់៕