លើកលែងតែអនុលោមតាមច្បាប់ ទីផ្សារដោះដូរកីឡាករក្នុងខែមករា គឺជាកំឡុងពេលក្លឹបនីមួយៗដោះស្រាយចំណុចខ្វះខាតរបស់ខ្លួន ប៉ុន្តែ គ្រូបង្វឹក Real Madrid លោក Zinedine Zidane សុខចិត្តរក្សាភាពស្ងៀមស្ងាត់ ជាមួយនឹងកីឡាកររបស់គាត់។
Real Madrid បានក្លាយជាក្លឹបតែមួយគត់ ក្នុងលីកកំពូលអេស្ប៉ាញ La liga ដែលបង្ហាញការអត់ធ្មត់ មិនទិញលក់កីឡាករអំឡុងទីផ្សារបើកក្នុងខែមករាឆ្នាំ២០១៨នេះ។ កុំថាឡើងចុះកុងត្រាទិញយកកីឡាករថ្មីសូម្បីតែម្នាក់ ប៉ុន្តែស្ដេចសក៏មិនអនុញ្ញាតឲ្យកីឡាកររបស់ខ្លួនណាម្នាក់ ចាកចេញដែរ ទោះបីត្រឹមខ្ចីជើងក៏ដោយ។
ក្លឹបទាំង១៩នៅក្របខ័ណ្ឌ La liga បានជ្រលក់មេជើងចូលទៅក្នុងទឹក (មានន័យថាទិញដូរដោះកីឡាករ) ទោះបីជាអំឡុងដោះដូរក្នុងខែមករានេះ ត្រូវបានគេចាត់ទុក ជាពេលវេលាដ៏អាក្រក់បំផុតក្នុងការទិញ។ ក្លឹបជាច្រើនបានបញ្ចេញកីឡាករជាច្រើន ដែលពួកគេឈប់ត្រូវការ តារាល្បីៗមិនសូវបង្ហាញខ្លួនតែប្រាក់ឈ្នួលខ្ពស់ ឬក៏កីឡាករវ័យក្មេងត្រូវការចូលលេងឈុត១១នាក់ដំបូង យកបទពិសោធន៍ហើយខ្លះទៀត ដើម្បីពង្រឹងក្នុងគោលដៅរបស់ខ្លួននីមួយៗពេលចប់រដូវកាល។
ឧទាហរណ៍៖ Barcelonaដែលជាគូប្រជែង របស់ Real, Valencia, និង At. Madrid សុទ្ធតែនាំចូលកីឡាករមានគុណភាព ដើម្បីពង្រឹងក្រុមរបស់ខ្លួនមុនពេលទ្វារដោះដូរកីឡាករបិទនៅយប់ថ្ងៃពុធ។ លើសពីនេះពួកគេបានដោះលែងកីឡាករមួយចំនួន ដើម្បីទុកកន្លែងឲ្យកីឡាករថ្មី ឬក៏កាត់បន្ថយការចំណាយប្រាក់ឈ្នួល។
មិនដូច Zidane គិត! គ្រូបង្វឹកសញ្ជាតិបារាំង បានយកជម្រើសជឿជាក់លើកីឡាកររបស់ខ្លួនដែលមានស្រាប់ ហើយនយោបាយរបស់ក្លឹប ក៏មិនបានបង្ហាញគម្រោងជាក់លាក់រឿងទិញកីឡាករនេះដែរ ដោយមានត្រឹមតែព័ត៌មានចចាមអារ៉ាមចុះផ្សាយប៉ុណ្ណោះ៕