ក្រោយពីព័ត៌មានបានបង្ហើបអំពីការចាកចេញរបស់ Neymar ពេលនេះឪពុករបស់រូបគេបានចេញមកបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះនឹងមិនចាកចេញពី Paris Saint-Germain ឡើយ។
នៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានពាក្យចចាមអារ៉ាមជាច្រើនដែលបង្ហើបថាកំលោះកូន១រូបនេះ មានគំនិតចង់ចាកចេញពី PSG ទៅ Real Madrid និង Manchester United ដែលធ្វើឲ្យក្លិបដែលចាយលុយធំនៅបារាំងភាពស្រពេចស្រពិលមិនអាចបកស្រាយរឿងនេះឲ្យបានច្បាស់លាស់។
ដោយឡែក ឪពុករបស់ Neymar បានជួបផ្ទាល់ជាមួយម្ចាស់ក្លិប Nasser Al-Khelaifi ដើម្បីពិភាក្សានិងបញ្ជាក់ថា កូនលោកនឹងមិនចាកចេញពីក្លិបទេ។ ក្រោយពីការប្រជុំ លោក Neymar Santos Sr. បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោកបានបញ្ជាក់រឿងនេះជាច្រើនដងហើយ ប៉ុន្តែនៅតែមានពាក្យចចាមអារ៉ាមជាច្រើនលេចឡើង ធ្វើឲ្យទាំងលោកទាំងកូនលោកមានអារម្មណ៍ស្មុកស្មាញមែនទែន។
លោកបានបន្តទៀតថា កូនរបស់លោកនឹងបន្តលេងឲ្យក្រុម PSG ១០០% ហើយពេលនេះរូបគេគ្មានគម្រោងចង់ចាកចេញពីទឹកដីបារាំងនោះទេ។