ក្រុមបាល់ទាត់ជម្រើសរើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជាដែលដឹកនាំដោយលោក Lee Tae Hoon ទៅចូលរួមប្រកួតព្រឹត្តិការណ៍ AFC U-16 Championship 2018 នៅទីក្រុង Ashgabat ប្រទេសម៉ុងហ្គោលីនោះ បានមកដល់មាតុវិញហើយកាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយ ៣ប្រកួត របស់កម្ពុជា ឈ្នះ១ ចាញ់២ ក្នុងនោះចាញ់ក្រុមអូស្ត្រាលី ៥ទល់នឹង០,ចាញ់ក្រុមវៀតណាម ៥ទល់នឹង២ និងឈ្នះម្ចាស់ផ្ទះម៉ុងហ្គោលី ៣ទល់នឹង២ ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល I មាន ៣ពិន្ទុ។
ជាមួយនឹងការមកដល់នេះដែរ លោក Lee Tae Hoon គ្រូបង្វឹកជម្រើសរើសជាតិ U-16 កម្ពុជាបានឲ្យដឹងថា បើទោះបីការប្រកួតនេះក្រុមកម្ពុជាមិនទទួលល្អ ប៉ុន្តែកីឡករ U-16 កម្ពុជាទទួលបានបទពីសោធន៍ច្រើន ពីការប្រកួតជម្រុះពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ី AFC U16 Championship 2018នេះ ជាពិសេសកីឡាករខ្សែការពារ តាំង ប៊ុនឆាយ ប្រធានក្រុម គី រីណា និងខ្សែបម្រើ មិត្ត សាម៉ែល ដោយឃើញថាពួកគេបានកើនឡើងនូវកម្រិតសមត្ថភាព បច្ចេកទេសលេងបានល្អជាងមុន ក្នុងការប្រកួតផ្លូវការលើកទី២ របស់ពួកគេ។ លោកបន្ថែមថា កម្ពុជាមានឱកាសនៅតំបន់គ្រោះថ្នាក់គូប្រកួតបានច្រើនដែរ តែពួកគេធ្វើមិនសម្រេច ដូច្នេះជាចំណុចមួយដែលត្រូវពិនិត្យមើលចំណុចខ្វះទាំងនេះឡើងវិញ ត្រៀមការប្រកួតបន្ទាប់។ គ្រូបង្វឹកសញ្ជាតិកូរ៉េរូបនេះ បន្ថែមថា ជាការពិតកីឡករកម្ពុជាត្រូវការប្រកួតប្រជែង ឲ្យបានច្រើនជាងនេះបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពនៃការលេងរបស់ពួកគេឲ្យកាន់តែប្រសើរជាងនេះ ។
សូមបញ្ជាក់ថា លោក Lee Tae Hoon ទើបតែដឹកនាំក្រុមយុវជនក្រោមអាយុ១៦ឆ្នាំកម្ពុជាបានជាងកន្លះឆ្នាំប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្លាស់ប្ដូរពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិឈុតធំ។ ជាមួយនឹងការងារដឹកនាំក្រុមយុវជននេះដែរ គ្រូបង្គោលយុវជនជនជាតិកូរ៉េរូបនេះបានដាក់ផែនការអភិវឌ្ឍជាច្រើន ក្នុងនោះក៏មានការជ្រើសរើសកីឡាករយុវជនឆ្នើមៗ ដើម្បីបង្កើតសក្ដានុពលក្រុមជម្រើសជាតិយុវជនកម្ពុជាបន្ថែមទៀតផងដែរ៕