អត្តពលិកវ៉ូវីណាមកម្ពុជា ដែលចេញទៅចូលរួមការប្រកួតព្រឹត្តិការណ៍ 5th world vovinam championship 2017 នៅទីក្រុង New Delhi ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៧កន្លងទៅនេះ បានឈ្នះមេដាយ ១១គ្រឿង ហើយ គិតត្រឹមថ្ងៃបើកឆាកការប្រកួត កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះ។
សម្រាប់កីឡករ-កីឡាការិនីដែលឈ្នះមេដាយពីព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ មានកីឡាករ ទិន ឌិន ដែលជាប្អូនប្រុសបង្កើតរបស់កីឡាករ ទិន ភាព ឬ សែន រ៉ាឌី ដែលជាម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៥ នោះ បានឈ្នះមេដាយមាស ២គ្រឿង ដោយប្រកួតឈ្នះកីឡាករម្ចាស់ក្បាច់គុនវៀតណាម លើវិញ្ញាសាប្រយុទ្ធក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម នៅវគ្គផ្តាច់ព្រ័ត្រ។ ចំណែកឯមេដាយមាស ១គ្រឿងទៀត គឺប្រកួតលើវិញ្ញាសាសម្តែងមេគុនក្រុមនារី ៣នាក់ ក្នុងនោះមានកីឡាការិនី បាល់ ឆរស្មី, កីឡាការិនី ពៅ សុខា និងកីឡាការិនី សឿ ច័ន្ធលក្ខិណា។
ចំពោះមេដាយប្រាក់ ៥គ្រឿងទៀត ដែលដណ្ដើមបាននោះ គឺលើវិញ្ញាសាប្រយុទ្ធ ៣គ្រឿង និងវិញ្ញាសាសម្ដែង ២គ្រឿង ។ ប៉ុន្តែអ្វីដែលសោកស្ដាយក្នុងនោះ គឺម្ចាស់មេដាយមាស កាលពីឆ្នាំ២០១៥ កីឡាករ ទិន ភាព ឬ សែន រ៉ាឌី មិនអាចការពារតំណែងមេដាយមាសរបស់ខ្លួនបានឡើយ ដោយដណ្តើមបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ បន្ទាប់ពីប្រកួតចាញ់កីឡាករម្ចាស់ក្បាច់គុនវៀតណាម ។ សម្រាប់មេដាយសំរឹទ្ធ ៤គ្រឿង គឺដណ្តើមបានពីវិញ្ញាសាសម្តែងទាំងអស់ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ 5th world vovinam championship 2017 ទីក្រុង New Delhi ប្រទេសឥណ្ឌានេះ មាន ២២ប្រទេសចូលរួម ខណៈដែលថ្ងៃប្រកាសបើកការប្រកួត កីឡករ-កីឡាការិនីវ៉ូវីណាមកម្ពុជា ដណ្តើមបានមេដាយសរុប ១១គ្រឿងហើយ ក្នុងនោះមាន មេដាយមាស ២គ្រឿង មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរឹទ្ធ ៤គ្រឿង។ ដោយឡែកការប្រកួតជម្រើសរើសជើងឯកកម្រិតពិភពលោកនេះ នៅសល់រយៈពេលពីថ្ងៃទៀត គឺថ្ងៃទី០៤ និងថ្ងៃទី០៥ ហើយអត្តពលិកវ៉ូវីណាមកម្ពុជា នៅសល់វិញ្ញាសាជាច្រើនទៀតមិនទាន់ប្រកួតដណ្តើមមេដាយបន្ថែមទៀតឬយ៉ាងណា៕