ក្លឹប​បាល់ទាត់​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​ អង្គរ​ថាយហ្គ័រ​​ បាន​ប្រកាស​ពី​ការ​ចុះ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ខ្មែរ​ម្នាក់​សម្រាប់​ជួយ​ក្រុម​ក្នុង​រដូវ​កាល​ថ្មី​២០១៨​ខាង​មុខ។

កីឡាករ​ថ្មី​ដែល​ទើប​ចុះ​កុង​ត្រា​ជាមួយ ​Tiger មួយ​នេះ​ឈ្មោះ ប៉ោ សុខុម ​វ័យ​១៧​ឆ្នាំ​ធ្លាប់​លេង​ក្នុង​ក្លឹប​មិន​អាជីព​ គិរីដងរែក។ កីឡាករ​ម្នាក់​នេះ​មាន​មាន​ស្រុក​កំណើត​នៅ​​ឃុំ ​ស្វាយ​ដង្គំ, ស្រុក​សៀមរាប​, ខេត្ត​សៀមរាប​ តួនាទី​ខ្សែ​ប្រយុទ្ធ​។

អំឡុង​ចុះ​ហត្ថលេខា​លើ​កុង​ត្រា​ជា​ជា​កីឡាករ​អាជីព​ជាមួយ ​Angkor Tiger, សុខុម​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ដូច្នេះ៖ ខ្ញុំ​មាន​អារម្មណ៏​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដែល​បាន​ចូលរួម​ជាមួយ​ក្លិប​ អង្គរ​ថាយហ្គឺរ​ ដែល​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប​ ជា​ស្រុក​កំណើត​របស់​ខ្ញុំ​ផ្ទាល់​។ ​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​កីឡាករ​អាជីព​ម្នាក់​”។

សូម​បញ្ជាក់​ផង​ដែរ​ថា​ សុខុម​គឺ​ជា​កីឡាករ​សញ្ជាតិ​ខ្មែរ​ទី​៣​ហើយ​ដែល​បាន​ចុះ​កុង​ត្រា​ជាមួយ​អង្គរ​ថាយហ្គ័រ​ក្នុង​រដូវ​ដោះដូរ​កីឡាករ​នេះ​ខណៈ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ក្លឹប​មួយ​នេះ​បាន​ចុះ​កុង​ត្រា​យក​ ស៊ឹង ​ណារិទ្ធ​មក​ខេត្ត​បាត់ដំបង​និង​ ឈង់ ប៊ុនណាត៕